រដ្ឋាភិបាលនឹងស្ថាបនាផ្លូវជាតិអាទិភាពចំនួន៣នៅក្នុងឆ្នាំ២០២១នេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងដំណើរការនៃការបន្តកិច្ច អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ឱ្យកាន់តែមានភាពល្អប្រសើរ សម្រាប់ឆ្នាំ២០២១នេះគម្រោងសាងសង់ និងស្ថាបនាផ្លូវជាតិចំនួន៣ខ្សែ នឹងត្រូវចាប់អនុវត្តដែលជាគម្រោងអាទិភាព។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមានប្រ​សាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាបានកំណត់នូវគម្រោងចំនួន៣ជាអាទិភាព ដែលក្នុងនោះរួមមានគម្រោងស្ថាបនាផ្លូវជាតិលេខ៤១ គម្រោ​ងស្ថាបនាផ្លូវជាតិលេខ៣១ និងគម្រោងស្ថាបនាផ្លូវជាតិលេខ៣៣។

ដោយឡែកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលមានប្រវែង១៧៦១ម៉ែត្រ អាចស្ថិតនៅក្នុងគម្រោងអាទិភាពឆ្នាំ២០២២ ឬឆ្នាំ២០២៣។

លោកសូរិយាបានបន្តថា នៅក្នុងឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ៧០c តភ្ជាប់ពីគល់ស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ហើយបន្ទាប់មកទៀតផ្លូវលេខ៥០c នៅកំពង់ធំ-កំពង់លែង រួមជាមួយនឹងផ្លូវផ្សេងៗមួយចំនួន ដែលស្ថិតនៅក្នុងផែនការអាទិភាព។ ប៉ុន្តែបើតាមប្រសាសន៍របស់ លោកទេសរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេដវែងនេះ ក៏អាចស្ថិតនៅក្នុងអាទិភាពឆ្នាំ២០២២ដែរ ប៉ុន្តែទោះបីជាយ៉ាងណាលោក មិនទាន់មានព័ត៌មានលម្អិ​ត ពីគម្រោងស្ពានមួយនេះនៅឡើយទេ។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីពេលកន្លងទៅបានឱ្យដឹងថា មានក្រសួងចំនួន៥ ហើយក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូនឈរក្នុងលំដាប់ទី៣ ដែលទទួលបានកញ្ចប់ថវិកាជាង៥០០លានដុល្លារអាមេរិកសម្រាប់ការស្រោចស្រង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសដែលស្ថិតនៅក្នុងគម្រោងអាទិភាពដែលអាចធានាដល់សេដ្ឋកិច្ច។

គម្រោងចំណាយថវិកាជាតិឆ្នាំ២០២១ គោរពតាមនូវពិតានចំណាយគោល ដែល  រដ្ឋាភិបាលបានកំណត់ផ្តល់ជូនក្រសួង ស្ថាប័ននីមួយៗ សម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ រួមជាមួយការអនុវត្តគោលការណ៍រក្សាកម្រិតប្រាក់បៀរត្សរ៍ និងប្រាក់បំណាច់មុខងារ។ ជារួមគម្រោងចំណាយចរន្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការថយចុះខ្លះធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here