ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងទៅលើការទិញ លក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍កាលពីឆ្នាំ២០២០កន្លងទៅនេះ នៅក្នុងឆ្នាំ២០២១ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំទៅទីផ្សារមួយនេះអាចនឹងងើបឡើងវិញជាមួយនឹងល្បឿនលឿនជាងទីផ្សារដទៃទៀតនៃវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។
លោកឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា(CLDA) បានមានប្រសាសន៍នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដូចគ្នាទៅនឹងការមើលឃើញពីសញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅកម្ពុជា សម្រាប់តែផ្នែកដីឡូត៍ដែលបានជួបឱនភាពយ៉ាងខ្លាំងកាលពីឆ្នាំ២០២០នោះ អាចនឹងមានកំណើនឡើងវិញនៅក្នុងឆ្នាំ២០២១នេះ ជាពិសេសចាប់ពីអំឡុងពាក់កណ្តាលឆ្នាំទៅ។
លោកឧកញ៉ាបន្តថា “តាមការមើលឃើញជាក់ស្ដែងចាប់ពីពាក់កណ្តាលខែមករា ដើមឆ្នាំ២០២១នេះសកម្មភាពទីផ្សារដីឡូត៍ចាប់ផ្តើមមានកំណើនឡើងវិញជាបណ្តើរៗបន្ទាប់ពីស្ថានការណ៍នៃភាពប្រឈមត្រូវបានកាត់បន្ថយ ហើយមនុស្សចាប់ផ្តើមចេញធ្វើអាជីវកម្មនានាវិញ”។ លោកបន្តថា “ទីផ្សារដីឡូត៍មិនបាត់បង់នោះទេ ផ្ទុយទៅវិញមានតែកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារតែប្រជាពលរដ្ឋភាគច្រើននៅមិនទាន់មានលំនៅដ្ឋានរស់នៅផ្ទាល់ខ្លួននៅឡើយ ហើយលទ្ធភាពនៃការទិញអចលនវត្ថុក៏នៅមានកម្រិត ដូច្នេះការទិញដីឡូត៍ដែលមានតម្លៃទាបសម្រាប់សាងសង់លំនៅដ្ឋានគឺជាជម្រើសដំូងរបស់ពួកគាត់”។
លោកឧកញ៉ាម៉ន សុខា បានមានប្រសាសន៍បន្តទៀតថា “យើងទទួលស្គាល់ថាសម្រាប់ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យក៏បានផ្តល់នូវលក្ខខណ្ឌងាយស្រួលក្នុងការទិញដោយការបង់រំលោះ ប៉ុន្តែលទ្ធភាពនៃការបង់ទៀតសោតក៏ស្ថិតនៅក្នុងកម្រិតមួយខ្ពស់មិនក្រោម៣០០ដុល្លារក្នុងមួយខែនោះទេ ខណៈដែលការបង់រំលោះដីឡូត៍សម្រាប់សាងសង់លំនៅដ្ឋានត្រឹមជាង១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ”។
ជាមួយនឹងការលើកឡើងពីការរំពឹងទុកនូវកំណើនទីផ្សារខាងលើនេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍រូបនេះក៏បានបង្ហាញពីមើលឃើញទូលាយផងដែរថា នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ សកម្មភាពទីផ្សារដីឡូត៍នឹងកាន់តែធំជាងមុន ទាំងសកម្មភាពនៃគម្រោងថ្មី ទាំងសកម្មភាពទិញរបស់អតិថិជន ដោយសារតែនៅដើមឆ្នាំនេះមានក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ជាច្រើនបានបង្ហាញពីគម្រោងបើកលក់ដូឡូត៍ជាច្រើនទីតាំង ទាំងតំបន់ជាយរាជធានីភ្នំពេញ និងតាមបណ្តាបណ្តាខេត្តក្រុងមួយចំនួនទៀត៕