អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមស្ថាបនាសួនកម្សាន្តដ៍វែងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមអនុវត្តគម្រោងស្ថាបនា និងកែលម្អសួនច្បារដ៏ធំ និងមានប្រវែងវែងស្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដោយមានការបែងចែកជាគន្លងសម្រាប់ថ្មើរជើង គន្លងសម្រាប់ជិះកង់ និងកន្លែងសម្រាប់អង្គុយលំហែរដោយមានដាំលម្អរដោយដោមផ្កា និងរុក្ខជាតិបៃតង។

លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រនៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកំសាន្ដមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។

លោកបន្ថែមថា ប្រឡាយទឹកនេះ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជិត២គីឡូម៉ែត្រ។ ការកែលម្អនៅដំណាក់កាលទីមួយនេះ ចាប់ផ្ដើមពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរា តំបន់អង្គរឃ្យុងយូរ។ គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រ អនុវត្តន៍ដោយអាជ្ញាធរជាតិអប្សរានេះ នឹងប្រើស្ថាបនារយៈពេល១៨ខែ។

ជាដំណាក់កាលបន្តបន្ទាប់នឹងបន្តចាប់ពីចំណុចរង្វង់មូលនាងអប្សរាឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចដដែលឆ្ពោះទៅកាន់ចំណុចឆែកសំបុត្រ ផ្លូវទៅទស្សនាប្រាសាទអង្គរ និងទៅកាន់ប្រាសាទស្រះស្រង់ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី។

ការកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះដោយសារតំបន់នេះមានអ្នកទេសចរណ៍ធ្វើដំណើរទៅមកច្រើន ជាពិសេសកន្លែងទិញសំបុត្រសម្រាប់ប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានសារមន្ទីរចំនួន៣កន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here