ដោយ : គង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីវិបត្តិកូវីដ១៩ បានធូរស្រាល បច្ចុប្បន្ននេះវិស័យអចលនទ្រព្យកំពុងមានសន្ទុះឡើងវិញ ជាពិសេសលើវិស័យដីធ្លី ហើយវិស័យនេះអាចមានសក្ដានុពលយូរអង្វែងទៀតនៅកម្ពុជា ព្រោះជាប្រទេសដែលមានស្ថិរភាពកំណើនសេដ្ឋកិច្ច ហើយប្រទេសជាច្រើនកំពុងសម្រុកមកដាក់ទុនវិនិយោគ។
ទោះបែបនេះក្ដីគេសង្កេតឃើញថា អ្នកប្រឡូកក្នុងវិស័យនេះមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានជោគជ័យ ព្រោះគេដឹងរឿង៣យ៉ាងច្បាស់បំផុត។
ឧកញ៉ាផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានលើកឡើងរឿង៣យ៉ាង ដែលអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យត្រូវដឹងនោះគឺ ពេលវេលានៃការអភិវឌ្ឍសេដ្ឋកិច្ច ការស្គាល់ទីតាំងភូមិសាស្ត្រនៃដី និងយល់ច្បាស់ពីព័ត៌មាន។ លោកបានអះអាងថា អ្នកទិញដី មិនអាចចង់ចំណេញភ្លាមនោះទេ ត្រូវរង់ចាំពេលសេដ្ឋកិច្ចកើនឡើង ដីក៏ឡើងថ្លៃទៅតាមនោះដែរ។
ចំណែកឯការស្គាល់ទីតាំង និងស្វែងយល់ព័ត៌មាន រឹតតែមានសារៈសំខាន់ សម្រាប់ការពិចារណាក្នុងការទិញដី។
ពេលវេលានៃការអភិវឌ្ឍសេដ្ឋកិច្ច
ឧកញ៉ា ផន វណ្ណិតបានបញ្ជាក់ថា ការទិញដី មិនមែនចំណេញភ្លាមៗនោះទេ ព្រោះត្រូវរង់ចាំពេលវេលាមកដល់ ទើបលក់ចំណេញបានច្រើន។ សម្រាប់អ្នកលោភលន់ខ្លាំងពេក គឺមិនអាចជោគជ័យក្នុងវិស័យអចលនទ្រព្យឡើយ ព្រោះមិនបានសិក្សាច្បាស់ ខ្វះភាពអត់ធ្មត់ ដែលពេលខ្លះនាំទៅដល់ការខាតបង់ក៏មាន។ រឿងទិញដីទុក គឺមិនចេះខាតនោះឡើយ ព្រោះដីមិនចេះកើត ឯមនុស្សចេះតែកើន។
ការស្គាល់ទីតាំងភូមិសាស្ត្រ
អ្នកជំនាញអចលនទ្រព្យ ដែលកើតចេញពីត្រកូលគ្រួសារក្រខ្សត់ នៅខេត្តព្រៃវែងរូបនេះបានរៀបរាប់ទៀតថា ភូមិសាស្ត្រជាកត្តាសំខាន់ដែលយើងត្រូវតែដឹង គឺដឹងអំពីចំណុចនៃការអភិវឌ្ឍ ដឹងអំពីហេដ្ឋារចនាសម្ព័ន្ធដែលនឹងរៀបចំនៅពេលខាងមុខ។ ជាពិសេស ក៏ត្រូវដឹងពីកត្តាប្រជាសាស្ត្រផងដែរ ថាប្រជាជននៅក្នុងតំបន់នោះប្រកបមុខរបរអ្វី ហើយវិស័យអ្វីជាអទិភាព ដែលទាក់ទាញប្រជាជនឱ្យទៅរស់នៅតំបន់នោះ។
លោកបន្តថា “ការក្ដាប់បាននូវព័ត៌មានទាំងនេះ នឹងធ្វើឱ្យអ្នកចង់វិនិយោគលើវិស័យអលនទ្រព្យ ទទួលបានជោគជ័យនៅពេលអនាគត”។
យល់ច្បាស់ពីព័ត៌មាន
បើតាមបទពិសោធន៍ផ្ទាល់ លោកឧកញ៉ា ផន វណ្ណិត បានមានប្រសាសន៍ថា លោកតែងតែស្ដាប់ព័ត៌មាន អានព័ត៌មានពីវិស័យអចលនទ្រព្យ ដើម្បីដឹងព័ត៌មានច្បាស់ពីការអភិវឌ្ឍនានា ព្រោះវាជាជំនួយស្មារតីក្នុងការពិចារណាទិញដី។ លោកបានបញ្ជាក់ទៀតថា អ្នកចង់ជោគជ័យក្នុងវិស័យអចលនទ្រព្យ ត្រូវដឹងអ្វីដែលថ្មីជានិច្ច ហើយត្រូវដឹងមុនគេ មិនអាចរង់ចាំព័ត៌មានមកដល់ឡើយ គឺត្រូវទៅស្វែងរកព័ត៌មានឱ្យបានច្បាស់ជាប្រចាំ។
ទោះបែបនេះក្ដី ឧកញ៉ា ផន វណ្ណិត បានបញ្ជាក់ថា ចំណុចទាំង៣នេះ គឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះអ្នកដាក់ខ្លួនលើវិស័យអចលនទ្រព្យ ត្រូវចេះស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនានា ហើយដឹងរឿងមុនគេជានិច្ច ទើបអាចមានឱកាសច្រើន ដើម្បីឈានឆ្ពោះទៅកាន់ភាពជោគជ័យ។ លោកបានសង្កត់ថា ចំណុចសំខាន់បំផុត គិតច្បាស់ ដាក់ចិត្ត ហើយហ៊ានធ្វើទើបឃើញជោគជ័យ៕