ដោយ : ស៊ីវ ម៉េង
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតនឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ភោធផ្លូវចំនួន៣៤ខ្សែ និងពិនិត្យគំរោងស្ថាបនាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុនាថ្ងៃទី៩ មេសាខាងមុខនេះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៧៧សជណ ចុះថ្ងៃទី៣ កុម្ភៈកន្លងមក ដែលមានកម្មវត្ថុករណីគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងពិនិត្យគំរោងស្ថាបនាអាងប្រពឹត្តកម្មទឹកកខ្វក់ និងការកែលំអរឆ្នេរសមុទ្រ។
ផ្លូវ៣៤ខខ្សែនៅក្រុងព្រះសីហនុ បានបើកដំណើរការសាងសង់កាលពីឆ្នាំមុន ដោយសម្តេចតេជោបានអញ្ជើញទៅបើកការដ្ឋានផ្ទាល់ ដែលគំរោងនេះចំណាយទឹកប្រាក់ប្រមាណជិត៣០០លានដុល្លារអាមេរិក។
បច្ចុប្បន្នគណកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងរដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងរៀបចំ និងស្ថាបនាផ្លូវចំនួន១២ខ្សែទៀត បន្ថែមលើផ្លូវ៣៤ខ្សែ ដែលគំរោងនេះ គ្រោងចំណាយទឹកប្រាក់សាងសង់អស់ជាង១០០លានដុល្លារអាមេរិក៕