ដោយៈ ប៊ី
ភ្នំពេញៈ អាគារការិយាល័យជួលចំនួន១១គម្រោង ស្មើនឹងទំហំ១២៥.៥០០ម៉ែត្រការ៉េ បានដាក់បញ្ចូលក្នុងទីផ្សារការិយាល័យជួល ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ ឬគិតត្រឹមដើមឆ្នាំ២០២១ កើនឡើង៣៤ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។
ជាមួយគ្នានេះ គម្រោងអាគារការិល័យជួលថ្មីចំនួន៣ បានដាក់ដំណើរការក្នុងទីផ្សាការិយាល័យនៅទីក្រុងភ្នំពេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដោយអាគារការិយាលជួយថ្មីទាំង៣នេះ នឹងបន្ថែមការផ្គត់ផ្គង់ទំហំការិយាល័យជួល ប្រមាណ៤១,៣៨៩ម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងអាគារការិល័យជួលថ្មីទាំង៣នេះ រួមមានគម្រោងការិយាល័យ C5 Olympia (កម្រិតB) គម្រោង One Park (គម្រិតC) និងគម្រោង Aquation (កម្រិតC)។
គម្រោងC5 Olympia នៅខណ្ឌ៧មករា បានចូលរួមចំណែកទីការិយាល័យជួលប្រមាណ១៤.៥៨៤ម៉ែត្រការ៉េ។ គម្រោងOne Park ស្ថិតក្នុងខណ្ឌដួនពេញ បានចូលរួមចំណែក១៦.៦១១ម៉ែត្រការ៉េ និងគម្រោងAquation ស្ថិតក្នុងខណ្ឌចំការមន បានចូលរួមចំណែក១០.១៩៤ម៉ែត្រការ៉េ។
លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍កាលពីថ្មីៗនេះថា ទីផ្សារជួលអគារការិយាល័យនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះ អាចនឹងបន្តរហូតដល់ដើមឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១។
លោកស្រីបានបន្តថា “មិនថាចំពោះតែទីផ្សារជួលការិយាល័យ ការជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ឬការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅនោះទេ គឺជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតនៅក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតAកម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើន ជាក្រុមហ៊ុនមកពីក្រៅស្រុក”។
លោកស្រីធីតាបានបន្ថែមថា ស្ថិតនៅក្នុងកំឡុងពេលនេះម្ចាស់ក្រុមហ៊ុន ក៏ដូចជាដៃគូពាណិជ្ជកម្ម ដែលជាជនជាតិបរទេសទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងប្រទេសនោះទេ លើកលែងតែការគំរាមកំហែងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីថ្នាំបង្ការត្រូវបានដាក់ ឱ្យប្រើប្រាស់ជាសាធារណៈផ្លូវការ។
ទាក់ទងនឹងតម្លៃជួល ការិយាល័យកម្រិតB ស្ថិតតំបន់ពាណិជ្ជកម្ម មានតម្លៃជាង២០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាស៤ ធ្លាក់ចុះ៤.៦៦ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតB ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃប្រមាណ១៦ដុល្លារមួយម៉ែត្រការ៉េ ធ្លាក់ចុះ៤,៤៧ភាគរយ។
តម្លៃជួលការិយាល័យកម្រិតC ស្ថិតតំបន់ពាណិជ្ជកម្មមានតម្លៃប្រមាណ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៧,៧៨ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិតC ក្រៅតំបន់ពាណិជ្ជកម្ម មានតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ២,៣១ភាគរយ៕