ដោយៈ ណែត
ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលសំដៅទៅលើតំបន់ជ្រោយចង្វារ កំពុងទាក់ទាញលើការអភិវឌ្ឍលំនៅឋានជាបុរី និងខុនដូទំនើប ដោយបណ្ដាវិនិយោគិនជាច្រើន ក៏បាននិងកំពុងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
គម្រោងធំៗដែលលេចធ្លោនៅតំបន់ជ្រោយចង្វារ នាពេលនេះគេសង្កេតឃើញថាមានគម្រោងខុនដូទំនើបគម្រោងផ្សារទំនើប និងសណ្ឋាគារផ្កាយ៥ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ។
លោក Ding Youngjun អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារខ្ពស់ Morgan បាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ប៉ែកខាងកើតជាតំបន់មួយ ដែលទាក់ទាញ ជាពិសេសនៅតំបន់ជ្រោយចង្វារ ដោយសារតែតំបន់នោះ មានទេសភាពស្អាត អមដោយដងទន្លេមេគង្គទន្លេបាសាក់ ដែលធ្វើឱ្យវិនិយោគិនដទៃទៀត ចង់មករស់នៅនិងចង់វិនិយោគនៅតំបន់នោះ ។ អ្វីដែលពិសេសតំបន់នេះ ក៏កាន់តែជិតរាជធានីភ្នំពេញ ព្រោះមានស្ពានតភ្ជាប់ពីតំបន់ត្រើយខាងលិចទៅត្រើយខាងកើត ។
លោកបន្តថា “តំបន់ប៉ែកខាងកើតនេះដែរ ក៏ជាតំបន់មួយដែលមានគម្រោងធំៗរបស់រដ្ឋ ដូចជាគម្រោងអគារពន្ធដារ អគារមន្ទីរសំខាន់ៗ និងគម្រោងរបស់រដ្ឋជាច្រើនទៀត ស្ថិតនៅតំបន់ទីក្រុងរណបជ្រោយចង្វា ដែលពលរដ្ឋនៅតំបន់នេះ កាន់តែមានភាពងាយស្រួលក្នុងស្វែងរកសេវារបស់រដ្ឋ”។
បើតាមអ្នកជំនាញ អចលនទ្រព្យកម្ពុជាក៏បានមើលឃើញថា តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញវាពិតជារីកសាយមែន ដោយសារតែហេដ្ឋារចនាតភ្ជាប់ មានស្ពាន មានផ្លូវខ្វាត់ខ្វែង ហើយនៅពេលអនាគ តំបន់នេះនឹងកាន់តែមានសក្ដានុពលបន្ថែមទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា វិនិយោគិនចូលចិត្តវិនិយោគនៅតំបន់ណាដែលមាត់ទឹក និងមានផ្លូវច្រើនងាយស្រួលចេញចូល ហើយតំបន់ប៉ែកខាងកើតនេះ គឺវាមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ គ្រាន់តែឆ្លងស្ពាននឹងដល់តំបន់រវាងភ្នំពេញនិងតំបន់ជ្រោយចង្វារ។
លោកបន្តថា “ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ រាលដាលកម្ពុជាក៏រងផលប៉ះពាល់ដែរ តែបើធៀបនឹងប្រទេសផ្សេងៗ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគដដែល ពីក្នុងនិងកក្រៅប្រទេស”។លោកបន្តថា “ចំណូចវិជ្ជមានទាំងនេះ បានបង្ហាញថាកម្ពុជាជាទីទាក់ទាញវិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ”៕