ដោយ : គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកមួយនេះ បាននិងកំពុងពង្រីកឥទ្ឋិពលលើវិស័យជំនួញជាច្រើននៅកម្ពុជា ពិសេសការវិនិយោគផ្សារទំនើបនៅទីក្រុងភ្នំពេញ ក្នុងនោះផ្សារកម្រិតស្តង់ដាអន្តរជាតិ ដែលមានទំហំរហូតដល់១៦០,០០០ម៉ែត្រការ៉េ។
ផ្សារទំនើបដ៏ធំនេះ ចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្សជីប ម៉ុង២៧១មេហ្គាម៉ល ដែលរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៥០ភាគរយនៃគម្រោងទាំងមូល។ គំរោងនេះមិនមានការពន្យាពេលដោយហេតុផលណាមួយឡើយ ហើយរយៈពេលនៃការសាងសងនេះ ត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយដៃគូរពណិជ្ជកម្មនានា កក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ។
លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែលបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហ៊រដ៏រឹងមាំក្នុងការសម្រេចអោយបាននូវសមិទ្ធផល នៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដក៏ដោយ។
លោកបន្តទៀតថា “ការតាំងចិត្តនេះ មិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គាម៉លនោះទេ សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេចបានលទ្ធផលដូចការរំពឹងទុក”។លោកបន្ថែមថា “ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការកិច្ចខំប្រឹងប្រែងនេះ”។
គម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១នេះ គឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុងផាកលែន២៧១ លើទំហំផ្ទៃដីរហូតដល់៤៣ហិចតា កម្ពស់៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះ មានចំនួនរហូតដល់១៦ម៉ឺនម៉ែត្រការ៉េឯណោះ ហើយចំនួនដែលអាចជួលឲ្យដៃគូរពាណិជ្ជកម្មបានមាន ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាព បែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជានាពេលបច្ចប្បន្ន៕