ប្រធានក្រុមប្រឹក្សាភិបាល CREA បង្ហាញពីវិធីសាស្ត្រនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាទោះជាស្ថិតនៅក្នុងកាលទេសបែបណានោះទេ ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យសុទ្ធតែអាចមានឱកាសចំណេញ សំខាន់ឱ្យតែអ្នកវិនិយោគមានភាពវៃឆ្លាត ស្គាល់ពីប្រភេទអចលនវត្ថុដែលមានតម្រូវការទីផ្សារច្បាស់លាស់ ដែលអាចធ្វើការលក់ចេញក្នុងរយៈពេលខ្លី។ នេះបើតាមការលើកឡើងរបស់លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

លោកឃាង ពុទ្ធីបានមានប្រសាសន៍នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យចំពោះអ្នកដែលមានជំនាញ មានបទពិសោធន៍ និងមានការយល់ដឹងពីប្រភេទអចលនវត្ថុដែលមានតម្រូវការទីផ្សារពិតប្រាកដគឺនៅតែមានឱកាសទទួលបានចំណេញខ្ពស់ត្រឡប់មកវិញ លើកលែងតែការវិនិយោគតាមគ្នាដោយគ្មានមូលដ្ឋាន និងគ្មានចក្ខុវិស័យពិតប្រាកដតែប៉ុណ្ណោះដែលជួបហានិភ័យខ្ពស់។

លោកបានពន្យល់ថា “មុននឹងទិញអចលនវត្ថុប្រភេទណាមួយសម្រាប់វិនិយោគត្រូវប្រាកដថាអាចអចលនវត្ថុទាំងនោះអាចលក់បានចំណូលត្រឡប់មកវិញក្នុងរយៈពេលខ្លី ដែលមិនគួរចំណាយពេលយូរ ឬលើសពី៥ឆ្នាំនោះទេ។ បើទិញដីទំនេរ ត្រូវទិញនៅតំបន់ណាដែលអាចមានគម្រោងអភិវឌ្ឍន៍ចូលទៅដល់លឿន មានមនុស្សទៅរស់នៅច្រើនក្នុងរយៈពេលមិនលើសពី៣-៥ឆ្នាំ មិនត្រូវទិញនៅតំបន់ដាច់ស្រយាល់ដែលមិនមានគម្រោងអភិវឌ្ឍន៍ចូលទៅដល់នោះទេ”។

លោកបន្តថា “មិនថាចំពោះតែការវិនិយោគលើដីធ្លីនោះទេ ការចំណាយទុនទៅបង្កើតមុខរបរណាមួយក៏ដូចជាគ្នា ត្រូវប្រកបរបរដែលមានតម្រូវការទីផ្សារ ប៉ុន្តែក៏មិនត្រូវចំណាយទុនវិនិយោគទៅគ្នាដោយគ្មានចក្ខុវិស័យ និងគ្មានមូលដ្ឋានច្បាស់លាស់នោះដែរ។ អ្វីដែលសំខាន់នៅក្នុងការរកស៊ីលើទីផ្សារអចលនទ្រព្យ ដំបូងបំផុតគឺដើមទុន ដែលក្រៅពីលុយនៅមានចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងវិស័យដែលខ្លួនកំពុងធ្វើ ការទទួលបានព័ត៌មានច្បាស់លាស់ មានបណ្តាញក្នុងដៃ ហើយអ្វីដែលសំខាន់បំផុតនោះគឺការវិនិយោគបន្ថែមទៅលើចំណេះដឹងមូលដ្ឋានដែលអាចជួយជំរុញឱ្យការវិនិយោគចំគោលដៅ”។

ជាមួយនឹងការបង្ហើបពីគន្លឹះក្នុងការវិនិយោគលើវិស័យអចលនទ្រព្យខាងលើនេះ លោកឃាង ពុទ្ធីក៏បានបញ្ជាក់ផងដែរថា ស្ថិតនៅក្នុងបរិបថដូចពេលបច្ចុប្បន្ននេះ ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យក៏នៅតែមានឱកាសទទួលបានចំណេញ ឱ្យតែវិនិយោគទៅលើប្រភេទអចលនវត្ថុដែលមានតម្រូវការពិតប្រាកដ និងមានតម្លៃល្អ។

លោកបញ្ជាក់ថា “គេថាក្នុងកាលទេសនេះ ទិញខុនដូទុកវិនិយោគនឹងទទួលបានផលចំណេញត្រឡប់មកវិញ។ ការលើកឡើងនេះមិនខុសទេ ឱ្យតែយើងទិញគម្រោងខុនដូណាដែលស្ថិតនៅទីតាំងល្អ តម្លៃទាប មានបណ្តុំសេវាបែបទំនើប មានកន្លែងហែលទឹក មានកន្លែងស្ទីម សូណា កន្លែងកម្សាន្ត រួមជាមួយកន្លែងផ្តល់សេវាផ្សេងទៀតដែលជាតម្រូវការប្រចាំថ្ងៃ”។

ដូច្នេះ មិនថាទិញសម្រាប់ការស្នាក់នៅ ឬទិញសម្រាប់វិនិយោគដោយការលក់បន្តយកចំណេញ ឬជួលនោះទេ គឺសុទ្ធតែចំណេញទាំងអស់។ លើកលែងតែទិញប៉ះចំគម្រោងស្អុយ ឬគម្រោងជាប់គាំង និងស្ថិតនៅទីតាំងមិនអំណោយផល បើទោះជាទិញក្នុងតម្លៃទាបក៏ឱកាសចំណេញមានតិចតួចបំផុត ព្រោះគ្មានតម្រូវការទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here