ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងរណបជ្រោយចង្វារសម្រេចបានជាង៣០ភាគរយហើយ

0

ដោយ : គង់ សូរិយា

ភ្នំពេញៈ ការសាងសង់ស្ពានតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារសម្រេចបានប្រមាណ៣០ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈដំណើរការ​សាងសង់កំពុងប្រព្រឹត្តទៅដោយរលូន។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ កុម្ភៈនេះថា ដំណើរការសាងសង់ស្ពានបាន បានវិវត្តន៍ទៅមុខតាមការគ្រោងទុក ដោយមិនមានការពន្យាពេលនោះទេ ព្រោះក្រុមការងារជំនាញកំពុងធ្វើការងារនេះយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ តាមការប៉ាន់ស្មានដំណើរការ​សាងសង់សម្រេចបានប្រមាណ៣០ភាគរយហើយ។

លោកបន្តថា “តាមការស្មាន ខ្ញុំគិតថាស្ពាននេះសម្រេចបាន៣០ភាគរយហើយ ព្រោះពេលនេះសរសរស្ពានបានផុសចេញពីទឹកហើយ”។

ស្ពាននេះជាប្រភេទស្ពានសាងសង់ យោងដោយខ្សែកាបនេះ នឹងមានប្រវែងជាង៥០០ម៉ែត្រ និងចំណាយថវិកាសាងសង់៣៥លានដុល្លារអាមេរិក ដែលបានមកពីគំរោងជួលដីទីក្រុងរណបជ្រោយចង្វាររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនOCIC។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទសផ្នែកនគរូបនីយកម្មបានថ្លែងថា ការសាងសង់ស្ពានវាជាជម្រើសល្អប្រសើរមួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រោះវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។

លោកបន្តថា “តំបន់នេះមានចរាចរណ៍មមាញឹក ហេតុនេះការសាងសង់ស្ពានថ្មីបន្ថែមទៀត ពិតជាអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here