ដោយៈប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរជាមុន និងបានជំរុញឱ្យតម្រូវការនៃភាពស៊ីវិល័យ ក្នុងប្រទេសក៏កាន់តែកើនជាងមុន។
អ្នកជំនាញបានលើកឡើងថា ជាមួយនឹងជីវភាពកាន់ប្រសើរឡើង របស់ប្រជាពលរដ្ឋ តម្រូវការលំនៅដ្ឋានលំហែកាយនៅតំបន់ទេសចរណ៍ មានកំណើនជាងមុន និងកំពុងមានការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងជួបនឹងវិបត្តិនៃកូវីដ១៩ក្ដី។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពីថ្មីៗនេះថា កំណើនសេដ្ឋកិច្ចកម្ពុជា មានសន្ទុះក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ រយៈពេលប៉ុន្មានចុងក្រោយនេះ បានធ្វើឱ្យកម្រិតជីវភាពពលរដ្ឋកម្ពុជា បានប្រសើរឡើងមួយកម្រិតទៀត និងធ្វើឱ្យភាពស៊ីវិល័យ របស់ប្រជាជនកម្ពុជា ចាប់ផ្ដើមមានតម្រូវការ។
លោកបានថ្លែងងថា “ដំបូងឡើយពលរដ្ឋត្រូវមានផ្ទះធម្មតា សំរាប់ស្នាក់នៅអចិន្ត្រៃយ៍ បន្ទាប់មកពួកគាត់ក៏ស្វែងរកផ្ទះទី២ ផ្ទះសម្រាប់ស្នាក់លំហែនៅពេលទំនេរ” ។ លោកបន្តថា “ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាស្ថានភាពដែលកម្ពុជាចាប់ផ្ដើមមានតម្រូវការលំនៅឋានលំហែកាយចុងសប្ដាហ៍ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ការវិនិយោគលើលំនៅដ្ឋានលំហែកាយក៏ត្រូវជ្រើសរើសរកទីតាំងសម្រាប់អភិវឌ្ឍន៍ផងដែរ” ។
លោកសុខនីមបានបន្តថា ទីតាំងសមស្របសម្រាប់អភិវឌ្ឍន៍ លំនៅដ្ឋានលំហែកាយគឺជាកន្លែង ដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ ហើយស្ថិតនៅតំបន់ធម្មជាតិ ជាក់ស្ដែងក្នុងនោះកំពត គឺជាខេត្តមួយសមស្របបំផុត សម្រាប់ការអភិវឌ្ឍជាលំនៅដ្ឋានលំហែកាយទាំងបច្ចុប្បន្ននិងនៅពេលអនាគត។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឈានទៅទទួលបានឋានៈ ជាប្រទេសមានចំណូលមធ្យមទាបក្នុងឆ្នាំ២០១៥ ហើយមានប្រាថ្នាថានឹងសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០ ។
ជាមួយគ្នានេះ លោកឆម ចំរើនអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានថ្លែងថា ទីផ្សារដីសម្រាប់សាងសង់លំនៅដ្ឋានលំហែរកាយ និងគំរោងវវិនិយោគលំនៅដ្ឋានលំហែរកាយបានកើនឡើងខ្ពស់កាលពីឆ្នាំមុន និងបន្តរីកចម្រើនថែមទៀត ប៉ុន្តែបើយើងនិយាយពីបញ្ហាកាលពីឆ្នាំមុន លំនៅដ្ឋាននិងដីសម្រាប់សាងសង់ លំនៅដ្ឋានលំហែរកាយនៅតាមបណ្តាខេត្ត មានសក្តានុពលទេសចរណ៍បានកើនឡើងខ្ពស់ ដោយសារបញ្ហាជំងឺកូវីដ១៩ ព្រោះជំងឺនេះបានធ្វើឲ្យប្រជាពលរដ្ឋមានជំងឺស្ត្រេសច្រើន និងមិនអាចចេញទៅកំសាន្តនៅក្រៅប្រទេសច្រើន។
លោកបន្តថា “ទោះជាយ៉ាងណាការរីកចម្រើនសេដ្ឋកិច្ច និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិតជាបានធ្វើឲ្យផ្នែកនេះមានការរីកចម្រើនផងដែរ” ៕