ទីផ្សារដីធ្លីក្នុងក្រុងបាវិតនឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅចុងឆ្នាំ២០២១

0

ដោយៈរ៉ាណេត

ស្វាយរៀងៈ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងរហូតមដល់ពេលនេះនៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង ដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តស្វាយរៀងបានរំពឹងថា អាចនឹងងើបឡើងវិញនៅពេលខាងមុខឆាប់ៗនេះ ជាពិសេសទីផ្សារដីធ្លី ខណៈដែលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើមគម្រោងក៏កំពុងបង្ហាញវត្តមាន។

លោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងកាលពីថ្ងៃចុងស ប្ដាហ៍កន្លងទៅនេះថា ខេត្តស្វាយរៀង គឺជាតំបន់អភិវឌ្ឍន៍ និងរួមចំណែកក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសច្រកព្រំដែនអន្តរជាតិ ដែលបម្រើដល់ការផ្លាស់ប្ដូរទំនិញជាច្រើនប្រភេទ។ ដោយឡែក សម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តកាលពីពេលកន្លងទៅ ក៏មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ មិនចាញ់បណ្តាខេត្តក្រុងមួយចំនួនរបស់កម្ពុជានោះទេ។

លោកបន្តថា “ដោយសារតែបញ្ហាកូវីដ ទីផ្សារអចលនទ្រព្យហាក់នៅទ្រឹងបន្តិច ប៉ុន្តែខ្ញុំជឿជាក់ថា វាមិនធ្លាក់ចុះខ្លាំងប៉ុន្មាននោះទេ គ្រាន់តែវានៅទ្រឹង ហើយបើយើងមើលពីស្ថានភាពបច្ចុប្បន្ននេះ វាមិនជាអីនោះទេ គ្រាន់តែថានៅពេលដែលវាដំណើរការឡើងវិញ វានឹងដើរលឿនតែម្តង ជាពិសេសចុងឆ្នាំ២០២១”។លោកថា “សម្រាប់ទីផ្សារដីធ្លីនៅក្នុងក្រុងបាវិតនេះ នឹងដំណើរទៅមុខលឿន ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងនៃការរីកចម្រើននេះ បានធ្វើឱ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ ហើយចេញលិខិតជូនដំណឹងមួយដល់ពលរដ្ឋកុំឱ្យទិញដីឡូតិ៍ណា ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ព្រោះវាមានហានីភ័យ។ រដ្ឋបាលខេត្តធ្វើនេះ គឺសំដៅចំពោះអ្នកដែលមិនត្រឹមត្រូវ សម្រាប់អ្នកដែលត្រឹមត្រូវគឺមិនអីទេ”។

លោកសុខ ប៊ុនធឿន ម្ចាស់គម្រោងដីឡូតិ៍នៅក្រុងបាវិតបានឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅក្នុងប្រទេស បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិតនៃខេត្តស្វាយរៀង បានបានស្ថានភាពស្ងប់ស្ងាត់ ហើយគម្រោងដីឡូតិ៍របស់លោក ក៏លក់មិនចេញដែរ។

លោកបន្តថា “នៅពេលដែលមានជនជនចិន ចូលមករស់នៅក្នុងតំបន់នេះ បានធ្វើឱ្យដីធ្លី ហើយអចលនទ្រព្យផ្សេងទៀតក៏មានសន្ទុះរីកចំរើន”។

ប្រជាពលរដ្ឋក្នុងតំបន់បានជួលផ្ទះទៅឱ្យពួកគេ ហើយបានលុយមកទិញដីទុក អ្នកខ្លះបាននាំគ្នាទិញដីទុក សម្រាប់សាងសង់អគារទុកជួលឱ្យជនជាតិចិន ប៉ុន្តែពេលនេះស្ងប់ស្ងាត់បន្តិច។

ទោះជាយ៉ាងណា លោកសុខ ប៊ុនធឿន រំពឹងថាទីផ្សារអចលនទ្រព្យ និងដីធ្លីនៅក្នុងក្រុងបាវិតនឹងមានសន្ទុះឡើងវិញ បន្ទាប់ពីកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយមានជនជាតិចិនត្រឡប់មករស់នៅ និងរកស៊ីក្នុងប្រទេសនាពេលខាងមុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here