ដោយ:គង់ សូរិយា
ភ្នំពេញៈ ការត្រួតពិនិត្យនិងបញ្ជាក់ពីគុណភាពសំណង់ ពិតជាមានសារៈសំខាន់ដែលមានចែងនៅក្នុងច្បាប់ស្តីពីសំណង់កម្ពុជា ដែលជាច្បាប់មួយដ៏មានសារៈសំខាន់ក្នុងការលើកកំពស់គុណភាព បទដ្ឋានសំណង់នានា និងដើម្បីទាក់ទាញការវិនិយោគពីបរទេស។
វិស័យសំណង់នៅកម្ពុជា ក៏ត្រូវបានរឹតបណ្តឹងជាងមុន ក្នុងគោលបំណងដើម្បីរក្សានូវគុណភាណ និងសុវត្ថិភាព ជារួមរបស់គម្រោងនានា។ ក្នុងនោះការត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយអ្នកមានវិជ្ជាជីវៈ ឬក្រុមហ៊ុនមានអាជ្ញាបណ្ណ ជាការងារមួយចំាបាច់ណាស់ មុននឹងការសាងសង់ រុះរើ ឬចាប់ផ្តើមប្រើប្រាស់សំណង់។
តើអ្វីជាមូលហេតុចាំបាច់ ដែលត្រូវមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់? តើសំណង់ប្រភេទណាខ្លះ ទាមទារឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់ឲ្យមានភាពច្បាស់លាស់?។ ការពិត ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
ការដ្ឋានសំណង់ និងការងារសាងសង់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចជា ទី១ គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ ឬរុះរើ មុនអាជ្ញាធរផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ ទី២ ការងារសាងសង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត ទី៣ សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារ មុនអាជ្ញាធរអនុញ្ញាតឱ្យចូលប្រើប្រាស់ ទី៤ សំណង់ និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពជាទៀងទាត់។
ទី៥ សំណង់ដែលមានហានិភ័យចំពោះមនុស្ស ទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់សន្តិសុខសាធារណៈ និងទី៦ ឯកសារបច្ចេកទេស ការងារសាងសង់ ឬរុះរើសំណង់ដទៃទៀត៊។
យោងតាមឯកសារច្បាប់ដដែលបានឲ្យដឹងថា អ្នកដែលមានសិទ្ធិត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវតែជាអ្នកមានវិជ្ជាជីវៈឬក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏បានបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលគម្រោងរបស់រដ្ឋ និងស្ថាប័នសាធារណៈដទៃទៀតផងដែរ ប៉ុន្តែក្នុងករណីចំាបាច់ ក្រុមការងារនេះ ក៏អាចត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់ស្ថាប័នឯកជនបានដែរ។
សំណង់ដែលបានសាងសង់មុនច្បាប់ស្តីពី សំណង់ចូលជាធរមាន អាចអនុវត្តការត្រួតពិនិត្យ និងបញ្ជាក់សំណង់បាន ប៉ុន្តែអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវធ្វើប្លង់សម្រង់សំណង់ និងរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ជូនម្ចាស់សំណង់ ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់៕