គម្រោងខុនដូជប៉ុនតម្លៃ៧០លានដុល្លារគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ

0

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ គំរោងសាងសង់ខុនដូតម្លៃសមរម្យដំបូងគេរបស់ជប៉ុន ដែលវិនិយោគទឹកប្រាក់៧០លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ខណៈគំរោងនេះទទួលបានជោគជ័យលើការលក់។

គិតរហូតមកទល់ពេលនេះ ​ការសាងសង់​ដំណាក់កាល​ទី ១ សម្រេច​បាន​ប្រមាណ ៩០ ​ភាគរយ និង​ដំណាក់កាល​ទី​ ២ បាន​ប្រមាណ ៣០ ​ភាគរយ ខណៈ​គម្រោង​ទាំងមូល​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។

លោក អៀង សុធារ៉ា សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co., Ltd​ ដែលជាក្រុមហ៊ុនវិនិយោគគម្រោងArakawa Residenceបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុននេះបានសាងសង់Arakawa Resident លើ​ផ្ទៃដី១,៣៦ ហិកតា​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ គម្រោង​ដែល​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ នេះ​ត្រូវបាន​ចែកចេញ​ជា ២ ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​អគារ​កម្ពស់​ ២១ ​ជាន់​ចំនួន ១០ ​អគារ ស្មើនឹង ១ ៦៨០ យូនីត និង​ដំណាក់កាល​ទី​២ មាន ៦ ​អគារ ស្មើនឹង ១ ៤៨៤ យូនីត​ (​ពីមុន​មាន ១ ២៨០)​។ បន្ទប់​ក្នុង​គម្រោង​នេះ​មាន​ ២ ប្រភេទ គឺ​ទំហំ ២៣ ម៉ែត្រការ៉េ និង​៤៦​ម៉ែត្រការ៉េ​។

លោកអៀង សុធារ៉ាបានមានប្រសាសន៍ឲ្យសារព៌តមានក្នុងស្រុកមួយដឹងកាលពីពេលថ្មីៗនជថា ជាមួយ​នឹង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ​១០០០​នាក់ ​ក្នុង១​ថ្ងៃ និង​ធ្វើឡើង​ទាំង​ថ្ងៃ-យប់ បច្ចុប្បន្ន​គម្រោង​នេះ​បានបញ្ចប់​ដំណាក់កាល​ទី​១ ​ស្ទើរ​ទាំងស្រុ​ង​ហើយ ដោយ​នៅសល់​តែ​ការរៀបចំ​ខាងក្នុង និង​ការសម្អាត​ប៉ុណ្ណោះ ។ចំណែកខុនដូ​ដំណាក់កាល​ទី​២ បាន​ឡើងដល់​ជាន់​ទី​៧ ហើយ​គ្រោង​នឹង​ឡើងដល់​ជាន់​ទី​២១ នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​។

លោក​បន្តថា “តាម​ការរំពឹង​ទុក អតិថិជន​ក្នុង​ដំណាក់កាល​ទី​១ អាច​នឹង​ចូល​ស្នាក់​នៅបាន​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១និង​ដំណាក់កាល​ទី​២ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២​​។លោកបន្តថា​ “គំរោងArakawa Residence ជា​គម្រោង​មានតម្លៃ​សមរម្យ ដែល​ត្រូវបាន​សាងសង់​ឡើង​ប្រកប​ដោយ​គុណភាព​កម្រិតស្តង់ដា”។

លោកអៀង សុធារ៉ាបាន​បន្ថែមថា​ ​សម្រាប់​គម្រោង​អគារ​ក្នុង​ដំណាក់កាល​ទី​២ នឹង​ត្រូវ​​រួចរាល់​នៅ​អំឡុង​ខែ​ ៦ ឆ្នាំក្រោយ ដូច្នេះ​ខ្ញុំ​គិតថា ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ការសាងសង់​គម្រោង​ទាំងមូល​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ”​។

កត្តា​ទីតាំង និង​តម្លៃ​បាន​ធ្វើឱ្យ​ការលក់​របស់ Arakawa Residence មាន​ដំណើរការ​ទៅមុខ​យ៉ាង​លឿន ជាក់ស្តែង​មកដល់​ពេល​នេះ ការលក់​ដំណាក់កាល​ទី​១ សម្រេចបាន ១០០ ​ភាគរយ និង​ដំណាក់កាល​ទី​២ បាន​ប្រមាណ២០​ភាគរយ​។

ទាក់ទង​នឹង​កែសម្រួល​ចំនួន​យូនីត ​ក្នុង​ដំណាក់កាល​ទី២ ដែល​ពីមុន​មាន​ត្រឹម ១ ២៨០ ​យូនីត ហើយ​ត្រូវបាន​កែ​ទៅជា១ ៤៨៤ ​យូនីត​នោះ​លោក​បាន​ប្រាប់ថា ដើម្បី​តម្រូវ​ទៅតាម​ការចង់​បាន​ក្នុង​ទីផ្សារ​។

លោក សុធារ៉ា និយាយថា “​តម្លៃ​របស់ Arakawa Residence បើ​ធៀប​នឹង​តម្លៃ​ដី តម្លៃ​សំណង់ និង​តម្លៃ​ពលកម្ម គឺ​គេ​មិនអាច​រក​ទិញ​គម្រោង​ណា​ ដែល​ល្អ​បែបនេះ​បានទេ​នាពេល​នេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here