ផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ នឹងត្រូវស្ថាបនាកែលម្អឡើងវិញក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៧ (ខេត្តត្បូងឃ្មុំ-ក្រចេះ) ដែលមានប្រវែងសរុប១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុម​ហ៊ុន​ចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិកក្រោមហិរញ្ញប្បទាន​របស់​ធនាគារពិភពលោក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) ដោយក្នុងនោះក៏មានកិច្ចប្រជុំពីគម្រោងសាងសង់ និងកែលម្អផ្លូវជាតិលេខ៣(កំពត-វាលរេញ)ផងដែរ ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍ ពិគ្រោះយោបល់ ក៏ដូចជាស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវទាំងពីរខ្សែ គឺផ្លូវជាតិលេខ៣(កំពត-វាលរេញ) និងផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ)។

លោកបានបញ្ជាក់ថា “ក្រសួងបានសម្រេចដកបុគ្គលិករបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួន៨រូប ព្រមទាំងបានដាក់បន្ថែមមន្ត្រីបច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនទាំងពីរ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់”។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីក៏បានស្នើស្នើសុំអនុសាសន៍ពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាមតិយោបល់ពីអង្គប្រជុំទាំងមូល ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវ ទាំងពីរខ្សែនេះឱ្យមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។

ដោយឡែកគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារ ក្រោមគម្រោងឥណទាន IDA Credit លេខ.៥៧៨៩-Kh៕

LEAVE A REPLY

Please enter your comment!
Please enter your name here