ដោយ៖ ប៊ី
ភ្នំពេញ៖ តំបន់ទួលគោក កំពុងមានការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗ ដូចជាខុនដូ អគារការិយាល័យ និងផ្សារទំនើបជាដើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះគម្រោងធំៗមួយចំនួនក៏បាននិងកំពុងសាងសង់ និងអភិវឌ្ឍន៍បណ្ដើរៗ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី។
អ្នកជំនាញអចលនទ្រព្យជាច្រើនបានឱ្យដឹងថា ទួលគោក គឺជាតំបន់ទាក់ទាញមួយសម្រាប់អភិវឌ្ឍន៍ខុនដូ និងអគារខ្ពស់ៗ បន្ទាប់ពីតំបន់បឹងកេងកង។
ប្រធានសមាគមអចលនទ្រព្យសកលលោកសំ សុខនឿន បានប្រាប់កាលពីថ្មីៗនេះថា ពីមុនបើនិយាយពីខុនដូ គឺគេសំដៅលើតំបន់បឹងកេងកេង តែបច្ចុប្បន្ននេះគេ ឃើញថា តំបន់ផ្សេងៗក៏ទាក់ទាញនូវគម្រោងខុនដូ និងអគារពាណិជ្ជកម្ម ក្នុងនោះទួលគោកក៏ជាតំបន់ ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេមួយ នៅរាជធានីភ្នំពេញ។
លោកបានថ្លែងទៀតថា កត្តា ដែលធ្វើឱ្យតំបន់ទួលគោក ទាក់ទាញការវិនិយោគលើខុនដូ គឺតម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ដែលមានសក្ដានុពលនៃការអភិវឌ្ឍខុនដូ ហើយទួលគោកក៏ប្រៀបបាននឹងតំបន់កណ្ដាលក្រុងមួយ ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដូច្នេះហើយទើបវិនិយោគិនចាប់អារម្មណ៍លើការអភិវឌ្ឍខុនដូនៅតំបន់ទួលគោក។
លោកបានថ្លែងបន្តថា “ទួលគោកជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿន ក្នុងនោះមានសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ និងអាជីវកម្មចម្រុះ”។
លោកបន្តថា នៅក្នុងចំណុចវិជ្ជមានក៏មានចំណុច ហើយអវិជ្ជក៏មានសម្រាប់វិស័យខុនដូ ក្នុងតំបន់ទួលគោកនេះ ព្រោះវិនិយោគិនអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតតែលើជនបរទេស និងអ្នកមានចំណូលខ្ពស់ មានន័យថា ខុនដូ ភាគច្រើននៅទួលគោក គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យអ្នកមានជីវភាពមធ្យម មិនមានលទ្ធភាពទិញ ជាក់ស្ដែង នៅពេលមានបញ្ហាដោយសារតែកូវីដ១៩ ធ្វើឱ្យការលក់ខុនដូ សម្រាប់ជនបរទេស និងអ្នកមាន គឺជួបបញ្ហាប្រឈមដូច្នេះ។
លោកបណ្ឌិតគីម ហ៊ាងប្រធានក្រុមហ៊ុន KW Cambodia ធ្លាប់មានប្រសាសន៍ថា ការអភិវឌ្ឍនៅកម្ពុជា នៅតែមានសក្ដានុពល បើធៀបនឹងប្រទេសជិតខាងក៏ដូចជាប្រទេសក្នុងតំបន់។ អ្វី ដែលគេមាននៅពេលនេះ កម្ពុជានៅមិនទាន់មាននៅឡើយ ដូច្នេះ៥ឆ្នាំ ឬ១០ឆ្នាំក្រោយ កម្ពុជានឹងមានដូចគេដែរ ហើយការអភិវឌ្ឍផ្សេងៗ នឹងដើរទៅតាមក្រោយជាបន្តបន្ទាប់៕