ឧកញ៉ាផន វណ្ណិត៖ តើដីឡូត៍ជួយអ្វីខ្លញដល់ការអភិវឌ្ឍន៍សង្គម និងប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្រប់​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​ដែល​ស្របច្បាប់ គឺជា​ចំណែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ទ្រទ្រង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ហើយ​ក៏បាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ។

លោក​ឧកញ៉ា ផន វ​ណ្ណិ​ត អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ដីឡូត៍​ស្របច្បាប់​គឺ​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ដល់​សង្គមជាតិ តាមរយៈ​ការបង់ពន្ធ​ទៅលើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដែលជា​ម្ចាស់​គម្រោង និង​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​អាច​ទិញ​ដី សម្រាប់​សាងសង់​លំនៅដ្ឋាន​កម្មសិទ្ធិ​បាន​យ៉ាង​ប្រសើរ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ចំណុច​ពិសេស​របស់​ដីឡូត៍​ស្របច្បាប់ ដែល​កំពុង​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​រួម​នាពេល​បច្ចុប្បន្ន មានដូចជា ៖

ទី១- ផ្តល់​ភាពងាយស្រួល​សំរាប់​ប្រជាពលរដ្ឋ ដែល​មិនសូវ​មានលទ្ធភាព​ក្នុង​ការទិញ ឬ​កាន់កាប់​ដីធំៗធ្វើជា​កម្មសិទ្ធិ តាមរយៈ​ការបង់​រំលស់​ប្រចាំខែ នៅក្នុង​តម្លៃ​មួយ​ដែល​សមរម្យ ស្របទៅនឹង​ចំណូល​ប្រចាំខែ​របស់​ពួកគាត់។

ទី២- ចូលរួម​ក​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា​ការស្ថាបនា​ផ្លូវថ្នល់ រៀបចំ​បណ្តាញ​បង្ហូរទឹក (លូ) និង​ដាក់​បង្គោល​ភ្លើង រួម​ជាមួយនឹង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី ដែល​ពាក់ព័ន្ធ​ទៅនឹង​គម្រោង ស្របតាម​ការកំណត់រ​បស់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អាច​ធានា​នូវ​គុណភាព និង​បង្ក​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន មានបំណង​សាងសង់​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​អចិន្ត្រៃយ៍។

ទី៣- ផ្តល់​ការងារ និង​ចំណេះដឹង​បន្ថែម​ផ្នែក​ទីផ្សារ​ដល់​ប្រជាជន​ក្នុងស្រុក ជាពិសេស​យុវជន និង​យុវនារី​ក្នុងនាម​ជា​ភ្នាក់ងារ​លក់ ឬ​បុគ្គលិក​ក្រុមហ៊ុន​ពេញសិទ្ធិ កាត់បន្ថយ​ការ​ចំណាកស្រុក ជាមួយនឹង​ការ​ផ្តល់នូវ​ប្រាក់ចំណូល​សមរម្យ។

ទី៤- ផ្លាស់ប្តូរ និង​កែប្រែ​តំបន់​ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ តំបន់​លិច​ទឹក ឬ​តំបន់​ដែល​គ្មាន​ផ្លូវ​ធ្វើដំណើរ ឱ្យទៅជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញ​កំណើន​ប្រជាពលរដ្ឋ​ឱ្យ​ចូលទៅ​រស់នៅ និង​អាចបង្កើត​ទៅជា​តំបន់​ទីប្រជុំជន មានការ​សាងសង់​លំនៅដ្ឋាន​ក្នុង​តំបន់ ដែល​អាច​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បាន។ និយាយ​ជារួម​គឺ​ធ្វើការ​កែប្រែ​ពី ដី​ដែល​មិនសូវមាន​សក្តានុពល​ឱ្យក្លាយ​ជា​តំបន់​មានការ​អភិវឌ្ឍន៍។

ទី៥- ចូលរួម​ក្នុងការ​គ្រប់គ្រង​ដី និង​ការប្រមូល​ពន្ធ​ជូន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​ជាង​មុន ហើយក៏​ជាការ​ចូលរួមចំណែក ក្នុង​ការជួយ​ទ្រទ្រង់​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោក​ឧកញ៉ា​ផន វ​ណ្ណិ​ត បាន​បន្តថា ជាមួយគ្នានេះ យើង​ក៏មាន​ក្ដីបារម្ភ​ចំពោះ​គម្រោង​ដីឡូត៍​មួយចំនួន​តូច ដែល​មិនបាន​អនុវត្ត និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ ដែល​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ទី​ផ្សារ​រួម​ផងដែរ។ លោក​ឧកញ៉ា​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​ទាំងអស់ អនុវត្ត​គម្រោង​ស្របទៅតាម​ច្បាប់​ដែលមាន​កំណត់ ជៀសវាង​ទទួលរង​នូវ​ការខាតបង់​ទាំង​ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និង​ពេលវេលា ជាពិសេស​ធ្វើឱ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here