ការស្ថាបនាផ្លូវជាតិលេខ៣ពីភ្នំពេញ ដល់តំបន់បែកគូសសម្រេចបាន៨៧ភាគរយហើយ

0

ដោយ: គង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងថា រហូតមកទល់ពេលនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស និងបែកគូស -ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧ហើយ។

លោកបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១នាព្រឹកថ្ងៃទី១៦ កុម្ភៈនេះ ដោយបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនដែលក្នុងនោះ រួមមាន ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូពីរស្រទាប់ស្ដើងទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវនិងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿនលឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹក ជញ្ជូនសាធារណៈ ការងារដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផងដែរ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងបន្តថា តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជម្រុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

ក្រសួងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជនជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលធ្លាប់បានឱ្យដឹងថាការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញ (ចោមចៅ) ទៅក្រុងកំពត ប្រវែង១៣៤គីឡូម៉ែត្រ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ។ គម្រោងនេះ បានចំណាយថវិកាប្រមាណជាង ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here