ដោយ:គង់ សូរិយា
ភ្នំពេញៈ ប្រធានតំណាងការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ លោក JIANG WEI មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន។
ក្នុងជំនួបជាមួយលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ កុម្ភៈនេះលោកJIANG WEIបានមានប្រសាសន៍ថា តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។ លោកបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាផងដែរ។
លោកបានបន្តថា “ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញ ការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩”។លោកបន្តថា “ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ”។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានស្នើឲ្យភាគីចិនជួយកសាងផ្លូវរថភ្លើងនៅកម្ពុជា ខណៈប្រព័ន្ឋផ្លូវរថភ្លើងនៅកម្ពុជាមានសភាពចាស់ទ្រុឌទ្រោម ស្របពេលកំពង់ផែទឹកជ្រៅតែមួយគត់កំពុងសាងសង់ ដើម្បីឲ្យកប៉ាល់ដែលមានជម្រៅទឹក១៨ម៉ែត្រចូលចតបាន។
អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់៧០ភាគរយ នៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់។
លោកគួច ចំរើនបានបន្តថា ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការដូចជា ទី១ ពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគ កូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។
ទី២ ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។ ទី៣ ជួយជំរុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ទី៤ សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រ ការសាងសង់មន្ទីរពេទ្យ នៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេស ចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ៕