ដោយគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានថ្លែងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន ឆ្លងទន្លេមេគង្គស្ទឹងត្រង់ ក្រូចឆ្មារសម្រេចបានជិត ៩៧ភាគរយហើយ។
លោកបានមានប្រសាសន៍ក្នុងសន្និបាត បូកសរុបការងារក្រសួងសាធារណៈការឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៦ កុម្ភៈកន្លងមកងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងតភ្ជាប់ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានប្រវែង ១១៣១ម៉ែត្រសម្រេចបាន ៩៦,៤៩ភាគរយហើយ។
ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
តាមឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹថថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានមានប្រសាសន៍ថាស្ពាននេះជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង ការដឹកជញ្ជូននិងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាង ច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
គម្រោងស្ពាននេះសាងសង់ឡើង ដោយក្រុមហ៊ុន Shanghai Construction Group និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ៕