ដោយគង់ សូរិយា
ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋថ្នាក់ជាតិចំនួន៧ បាននិងកំពុងស្ថាបនានិងសាងសង់យ៉ាងសកម្មនៅកម្ពុជា ដែលជាផ្នែកមួយនៃការជួយពន្លឿនកំនើនសេដ្ឋកិច្ចជាតិ។
យោងតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងក្នុងពិធីបើកសន្និបាត បូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន ១១,៦៨ភាគរយ។
ចំណែកគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ នៅក្រុងព្រះសីហនុសម្រេចបាន ៣១,១៥ភាគរយ ព្រមទាំងការងារ ស្តារអូរប្រឡាយធម្មជាតិចំនួន៥ខ្សែ ដែលមានប្រវែងសរុប២៧,៥៤៧គីឡូម៉ែត្រសម្រេចបាន៩៦,៦២ភាគរយ នៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) សម្រេចបាន៣១,១៩ភាគរយ។ រីឯគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១ ១៣១ម៉ែត្រ សម្រេច បាន ៩៦,៤៩% ។
របាយការណ៍របស់ក្រសួងសាធារណៈការ បានឲ្យដឹងទៀតថា បន្ថែមពីលើនេះ គម្រោងសាង់សង់ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ-បែកគូស (៤ គន្លងផ្លូវ) និងបែកគូស ខេត្តកំពត ពង្រីកដល់១២ម៉ែត្រសម្រេចបាន៨៧ភាគរយ។ គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុង ប៉ោយ ប៉ែត ពង្រីកជា៤គន្លងផ្លូវ ក្នុងនោះ ១-(ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គ.ម សម្រេចបាន៣៥,៦២ភាគរយ។ កំណាត់ផ្លូវជាតិដដែលនេះតភ្ជាប់ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥ភាគរយ និងកំ
ណាត់ទី៣-(ធ្លាម្អម-បាត់ដំបង)ប្រវែង១៣៤,២៥គ.ម សម្រេចបាន២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។
ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានឲ្យដឹងបន្តថា ក្រសួងបានទិញគ្រឿងចក្រចំនួន២២២គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយឥតសំណង ជាគ្រឿងចក្រសម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន ១៥គ្រឿងពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ JICA ។
ជាមួយគ្នានេះផងដែរ ក្រសួងបានទទួលគ្រឿងចក្រ សម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូចំនួន២ឈុត ស្មើនឹង១៨គ្រឿង ពីក្រុមហ៊ុនសំណង់សៀងហៃ (SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុង នោះរួមមាន គ្រឿងចក្រផលិតបេតុងកៅស៊ូដែលមានសមត្ថភាព អាចផលិតបេតុងក្នុងបរិមាណ១២០តោន/ម៉ោង ចំនួន២គ្រឿង និងគ្រឿងចក្រសម្រាប់ការងារអ៊ុតកៅស៊ូចំនួន១៦គ្រឿងផងដែរ៕