តើ​ក្រុង​កំពង់ចាម​មាន​សក្ដានុពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​ទាក់ទង​នឹង​អចលនទ្រព្យ?

0

ដោយៈ​គង់ សូរិយា

កំពង់ចាមៈ មាន​ប្រជាជន​រស់នៅ​ច្រើនជាង ១លាន​នាក់ ខេត្តកំពង់ចាម​ហាក់​មិនសូវ​មានការ​នឹក​នាំ​ដល់​ច្រើន​នៅឡើយ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ ប៉ុន្តែ​វា​ជា​ខេត្ត​មាន​សក្តានុពល​ច្រើន​ផ្នែក​សេដ្ឋកិច្ច។

មាន​ចម្ងាយ ១២៤គីឡូម៉ែត្រ ពី​រាជធានី​ភ្ន​ម​ពេញ ខេត្តកំពង់ចាម​ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ជាង​បណ្តា​ខេត្ត​ជិតខាង​មួយចំនួន ដូចជា​ខេត្តព្រៃវែង ខេត្ត​កំពង់​ឆ្នាំ និង​ត្បូងឃ្មុំ និង​ខេត្តកំពង់ធំ​ជាដើម ខណៈដែល​វត្តមាន​របស់​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​សំណង់​លំនៅដ្ឋាន បានបង្ហាញ​វត្តមាន​រួចជាស្រេច។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា  បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​ការរៀបចំ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ដោយ​គ្រប់​ផ្លូវ​តូចធំ​នៅក្នុង​ក្រុង និង​តំបន់​ជាយក្រុង​សុទ្ធតែ​ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​បេតុង និង​ចាក់​កៅស៊ូ​ទាំងអស់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ និង​បម្រើ​ដល់​វិស័យ​ដឹង​ជញ្ជូន។

លោក​បន្តថា “ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើនប្រជាជន មានការ​កើនឡើង​ជាប្រចាំ ជាក់ស្ដែង​ពេលនេះ ចំនួន​ប្រជាជន​នៅ​ទាំង​ខេត្ត មាន​ចំនួន​រហូតដល់​ជាង ១.១លាន​នាក់ ខណៈដែល​នៅក្នុង​ក្រុង​កំពង់ចាម​មាន​ចំនួន​ជាង៤ម៉ឺន​នាក់ ជាមួយ​ផលទុនជាតិ​សរុប​សំរាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំមាន​ចំនួន១៦៤៨ ដុល្លារ” ។

វិស័យសេដ្ឋកិច្ច ដែល​ឈានមុខ​គេ​ប្រចាំ​ខេត្តកំពង់ចាម ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាក់​ប្រាប់ថា “វិស័យ​កសិឧស្សាហកម្ម​បាន​ដើរ​ឈានមុខ​គេ ដែលមាន​រោងចក្រ​កាត់ដេរ​កំ​បូ​ង​ដំណើរ​ចំនួន១៧ រួមជាមួយ​នឹ​សហគ្រាស​តូចធំ​ផ្សេងទៀត ចំនួន​ជាង២០០ទីតាំង ដែល​ចំនួន​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​សហគ្រាស​ខ្នាតតូច ដែល​មិនទាន់​ចុះបញ្ជី​នោះទេ” ។

ងាក​មក​ចាប់អារម្មណ៍​ជាមួយ នឹង​ភាព​រីកចម្រើន​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខេត្តកំពង់ចាម​ក៏មាន​កំពុង​សមាន​សក​ម្ម​ភាព អភិវឌ្ឍន៍​គំរោង​លំនៅដ្ឋាន​បែប​ទាន់សម័យ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​បុរីធំៗចំនួន២ (បញ្ចប់​គម្រោង​រួចរាល់) គម្រោង     បណ្តុំ​លំនៅដ្ឋាន​បែប​បុរី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​នៅ​ម្ដុំ​បឹង​ស្នាយ និង​សំណង់​លំនៅដ្ឋាន​បែប​ទំនើប​ដែល​អភិវឌ្ឍន៍​ឡើងជា​លក្ខណៈ​ឯកជន។

ពាក់​ព័​ន្ឋ​នឹង​សក្តានុពល​របស់​ខេត្តកំពង់ចាម អ្នកជំនាញ​និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មិនសូវ​បង្ហាញ​សុទិដ្ឋិនិយម​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ លោក​ឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ថា ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​ក្នុង​វិស័យនេះ​ពិតជា​មាន​មែន ប៉ុន្តែ​ហាក់​នៅ​មិនទាន់​ខ្លាំងក្លា​នោះទេ ទោះជា​ប្រជាជន​នៅក្នុង​ខេត្ត​នេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ទំហំ​ផ្ទៃដី​ក៏មាន​វិសាលភាព​ធំធេង​ណាស់ដែរ ខណៈដែល​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅមានកម្រិត​នៅឡើយ” ។

លោក​ឧកញ៉ា​បន្តទៀតថា “ឱកាស​នៃ​ការវិនិយោគ ដើម្បី​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ខ្លី​នៅក្នុង​ខេត្ត​នេះ គឺ​នៅមានកម្រិត ហើយ​អ្នកវិនិយោគ​ក៏មាន​ការប្រយ័ត្នប្រយែង​ផងដែរ” ។

បច្ចុប្បន្ន​តម្លៃ​ដី និង​អចលនទ្រព្យ នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ខេត្ត​អាច​ស្ថិតក្នុង​ចន្លោះ ២ ០០០ទៅ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ដោយឡែក​ដី​លំនៅដ្ឋាន​អាច​ត្រឹម៧០០ដុល្លារ​ចុះក្រោម​ក្នុង​មួយ​ម៉ែត្រការ៉េ  ហើយ​សម្រាប់​ដី​លំនៅដ្ឋាន​នៅតាម​ភូមិ​ឃុំ អាចមាន​តម្លៃ៥០-៧០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដីស្រែ​ចម្ការ គឺមាន​កម្រិត​ស្រដៀង​គ្នា​ទៅនឹង​ខេត្ត​ដទៃទៀត​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here