ដោយគង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយដោយទស្សនាវដ្តីបរទេសបានរកឃើញថា ប្រទេសកម្ពុជាក្នុងចំណោមប្រទេសចំនួន៣ ផ្សេងទៀតរួមមានប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី គឺជាប្រទេសដែលល្អបំផុត សម្រាប់វិនិយោគិនក្នុងចាប់យកឪកាសវិនិយោគ លើវិស័យអចលនទ្រព្យ។
យោងតាមការចុះផ្សព្វផ្សាយរបស់គេហទំព័រ inviestasian.com កាលពីឆ្នាំមុន បានឲ្យដឹងថា វឌ្ឍនភាពរបស់ប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន លឿនបំផុតនៅតំបន់អាស៊ី និងជាទីផ្សារមួយដែលមានភាពងាយស្រួល សម្រាប់ធ្វើអាជីវកម្មផ្សេងៗ ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ។
រដ្ឋាភិបាលប្រទេសកម្ពុជា បានផ្តល់ឱ្យជនបរទេសធ្វើអាជីវកម្ម ដោយកាន់កាប់ភាគហ៊ុន ១០០% ។ ការទិញអចលនទ្រព្យនៅប្រទេសកម្ពុជា គឺជាជំរើសវិនិយោគដ៏រឹងមាំមួយផងដែរ ជាពិសេសជាមួយនឹងតម្លៃអចលនទ្រព្យនៅទីក្រុងភ្នំពេញ ដែលទិញអាចទិញអចលនទ្រព្យបាន ក្នុងតម្លៃប្រហែល ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នោះជាការអនុវត្តជាក់ស្តែងដែលមិនធ្លាប់ មាននៅក្នុងទីក្រុង ដែលមានអត្រានគរូបនីយកម្ម ខ្ពស់ដូចប្រទេសកម្ពុជា។
គេហទំព័រនេះ បានស្រាវជ្រាវរកឃើញថា មានតែទីក្រុងធំៗចំនួនប្រាំបីនៅក្នុងពិភពលោកទាំងមូលប៉ុណ្ណោះ ដែលអ្នកអាចទិញអចលនទ្រព្យ តម្លៃនៅក្រោម១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េដោយ ក្នុងនោះក៏មានទីក្រុងនៅក្នុងប្រទេសកម្ពុជាផងដែរ។
គេហទំព័រនេះបន្តថា ទីផ្សារភាគហ៊ុនរបស់ប្រទេសកម្ពុជា បាននឹងកំពុងដំណើរការដែលមានក្រុមហ៊ុនចូលរួមជាបន្តបន្ទាប់ ដែលអាចជាឱកាសធ្វើអាជីវកម្ម និងអចលនទ្រព្យជាច្រើននៅទីនេះ ប៉ុន្តែមិនមានច្រើនទេ។
ជាពិសេស ប្រទេសកម្ពុជាមានដុល្លារូបនីយកម្មខ្ពស់ ដែលត្រូវបានប្រើប្រាស់សម្រាប់ស្ទើរតែរាល់ប្រតិបត្តិការធំ។ នេះជាផ្នែកវិជ្ជមាននៃការវិនិយោគនៅកម្ពុជា។ ជាពិសេសប្រសិនបើអ្នកកាន់ប្រាក់ដុល្លាររួចហើយ ព្រោះវាដកថ្លៃប្តូររូបិយប័ណ្ណណាមួយ ដែលជាធម្មតា នឹងមកជាមួយការទិញទ្រព្យសម្បត្តិនៅអាស៊ី៕