ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជារំពឹងទុកថានឹងមានសញ្ញាវិជ្ជមានខ្ពស់នៅឆ្នាំ២០២១ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងផ្នែកជាច្រើននៃវិស័យអចលនទ្រព្យ គួបផ្សំនឹងការកាត់បន្ថយការធ្វើដំណើរក្នុងតំបន់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាទូទៅ នឹងបន្តអូសទាញតម្រូវការឱ្យធ្លាក់ចុះ និងដាក់សម្ពាធលើអត្រាជួល និងតម្លៃលក់កាលពីឆ្នាំ២០២០។
លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលសម្លឹងទៅឆ្នាំ២០២១នេះ និងនាពេលខាងមុខ ការព្យាករណ៍របស់ CBRE Cambodia បង្ហាញនូវសញ្ញាវិជ្ជមាន លាយលំជាមួយនឹងហានិភ័យ បណ្តាលឱ្យមានភាពស្មុគស្មាញដល់វិស័យអចលនទ្រព្យនៅឆ្នាំនេះ។
លោកបានថ្លែងថា ផ្នែកជាច្រើនក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមនឹងតម្រូវការមានកម្រិត និងការផ្គត់ផ្គង់កើនឡើង ដែលនឹងបន្តដាក់សម្ពាធថ្លៃជួល និងតម្លៃអចលនទ្រព្យក្នុងរយៈពេលមធ្យម ដោយសារការរឹតបន្តឹងការធ្វើដំណើរ បណ្តាលមកពីវិបត្តិកូវីដ១៩ ដែលនឹងបន្តដាក់កម្រិតលើសកម្មភាពអាជីវកម្ម និងធ្វើឱ្យការមកដល់របស់ភ្ញៀវទេសចរ មានកម្រិតទាប។
លោកបានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម គម្រោងបុរី និងអនុផ្នែកមួយចំនួននៃវិស័យសំខាន់ៗ រួមទាំងដីជាយក្រុង អគារការិយាល័យកម្រិត B នៅកណ្តាលក្រុង និងទីតាំងលក់រាយ ដែលប្រើគំនិតឌីសាញ និងការកែលម្អថ្មី នឹងទទួលបានភាពវិជ្ជមាននៅឆ្នាំនេះ។
លោក Ben Nesbitt នាយករងក្រុមហ៊ុន CBRE កម្ពុជាមានប្រសាសន៍ថា វិនិយោគិនអន្តរជាតិបន្តបង្ហាញចំណាប់អារម្មណ៍នៅក្នុងទីផ្សារកម្ពុជា ដែលត្រូវបានជំរុញដោយការរំពឹងទុកថានឹងមានភាពវិជ្ជមានរយៈពេលវែង សម្រាប់សេដ្ឋកិច្ច និងតម្រូវការនៅក្នុងវិស័យអចលនទ្រព្យ។
លោកបានថ្លែងបន្តថា “ទោះបីជាយ៉ាងនេះក្តី ការបន្តការរំខាននៅតាមទីផ្សារដោយសារវិបត្តិនឹងធ្វើឱ្យវិនិយោគិនមួយចំនួនស្ថិតនៅក្នុង “ការរង់ចាំនិងមើល” ខណៈអ្នកអ្នកអភិវឌ្ឍន៍ជាច្រើន នឹងឃើញពីចណ្លោះប្រហោងក្នុងទីផ្សារនាពេលអនាគត ហើយប្រើរយៈពេលនេះដើម្បីចាប់ផ្តើមគម្រោងដោយសង្ឃឹមថានឹងចាប់ផ្តើមនឹងមានសញ្ញាវិជ្ជមាននៃទីផ្សារឆ្ពោះទៅមុខ”៕