ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្លាំង និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ថ្មីមួយទៀត H&Y Land Mark បានចាប់ផ្តើមបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារដែលកំពុងមានកំណើននាពេលបច្ចុប្បន្ន។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន ដែលជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kw SAM SN បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ខណ្ឌសែនសុខពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចហើយ ដោយបំពេញទៅដោយបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម។
លោកបានបន្តទៀតថា “ពីមុនតំបន់ខណ្ឌសែនសុខស័ក្ដិសមទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងលំនៅដ្ឋានមធ្យម ប៉ុន្តែសព្វថ្ងៃនេះខុសពីកាលពីប៉ុន្មានឆ្នាំមុន។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅទីនេះលែងមានទៀតហើយ ប៉ុន្តែត្រូវបានជំនួសដោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅមានឱកាស ក៏ព្រោះដោយសារតែតម្លៃដីនៅតំបន់ខណ្ឌសែនសុខបានឡើងខ្ពស់រួចទៅហើយ”។
លោកបានបញ្ជាក់ថា “កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានទៀតនោះទេ ដោយសារតែតម្លៃដីឡើងខ្ពស់មិនក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះបានអនុគ្រោះដល់ការវិនិយោគលើវិស័យលំនៅដ្ឋានកម្រិតខ្ពស់ ឬវិស័យខុនដូរកម្រិតមធ្យម”។
ដោយឡែកគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ H&Y Land Mark ដែលទើបតែបុកគ្រឹះចាប់ដំណើរការសាងសង់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាប់ផ្តើមក្នុងដំណាក់ដំបូងចំនួន១០០ខ្នង ជាប្រភេទផ្ទះអាជីវកម្មតម្លៃចាប់ពី២៤ម៉ឺនឡើងទៅ និងប្រភេទវីឡាកូនកាត់មានតម្លៃចាប់ពី១៨ម៉ឺនឡើងទៅស្ថិតនៅក្នុងតំបន់ទីប្រជុំកំពុងមានការអភិវឌ្ឍន៍ខ្ពស់ហ៊ុមព័ទ្ធទៅដោយសំណង់ពាណិជ្ជកម្ម ជិតផ្សារបឹងបៃតង មានសាលារៀនរដ្ឋ និងឯកជន ជាពិសេសស្ថិតនៅជិតផ្សារទំនើប AEON2 ផ្សារMakro ផ្សារទំនើបជីពម៉ុង ផ្សារទំនើបGlobal House មជ្ឈមណ្ឌលពាណិជ្ជកម្មB2B និងក្បែរធនាគារជាតិនៃកម្ពុជា។
លោកសំ សុខនឿន បានមានប្រសាសន៍ថា សម្រាប់ប្រភេទផ្ទះអាជីវកម្មរបស់បុរី H&Y Land Mark ស្ថិតភូមិច្រេះ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាលំនៅដ្ឋានមានលក្ខណៈស្តងដារ ផ្តល់ផាសុកភាពខ្ពស់ក្នុងការរស់នៅជាមួយនឹងទំហំ ៥ x ១២ មានកម្ពស់៣ជាន់កន្លះ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ដោយមានការទុកទីធ្លាមុខផ្ទះទំហំ៥ម៉ែត្រ និងផ្នែកខាងក្រោយ១ម៉ែត្រកន្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅក៏ដូចជាប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។
លោកបញ្ជាក់ថា សម្រាប់អតិថិជនដែលមានបំណងក្លាយជាម្ចាស់លំនៅដ្ឋានប្រណីតទាំងនេះគឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែកក់ត្រឹម១០០០ដុល្លារជាលើកដំបូង ហើយបន្តការបង់រំលោះត្រឹម៣០ភាគរយក្នុងរយៈពេល២ឆ្នាំ ហើយបន្តបង់រំលោះជាមួយធនាគារជាដៃគូខណៈដែលការសាងសង់ត្រឹមរយៈពេលប្រមាណ១៨ខែតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលទិញលំនៅដ្ឋានក្នុងគម្រោងបុរី H&Y Land Mark នៅពេលនេះ គឺជាឱកាសល្អបំផុតដែលក្រៅពីអាចទិញបានលំនៅដ្ឋានទំនើបទាន់សម័យក្នុងតម្លៃទាប ថែមទាំងមានឱកាសទទួលបានចំណេញច្រើនពីការវិនិយោគបន្តនៅថ្ងៃអនាគត់ ខណៈដែលតម្លៃផ្ទះជាមធ្យមអាចឡើងពីចន្លោះ២០-៣០ភាគរយបន្ទាប់បញ្ចប់ការសាងសង់ទាំងស្រុង៕