ដោយៈ លក្ខិណា
ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញ នៅក្នុងឆ្នាំ២០២០កន្លងទៅ និន្នាការជនបរទេសទិញខុនដូ នៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែជំនួសមកវិញដោយជនជាតិខ្មែរ និងមានកំណើនមិនគួរ ឱ្យជឿ។
កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ កុម្ភៈកន្លងមកថា បើនិយាយវិស័យអចលនទ្រព្យ ជាពិសេសទៅលើផ្នែកលំនៅដ្ឋាន ឃើញថាក្នុងឆ្នាំ២០២០កន្លងទៅ ជនបរទេស ដែលទិញខុនដូនៅក្នុងប្រទេសកម្ពុជាមានថយចុះ តែយើងមិនបានសរុបតួលេខថា ជនបរទេសប៉ុន្មានជាអ្នកទិញខុនដូ ហើយប៉ុន្មានភាគរយទៀតជាជនជាតិខ្មែរនោះទេ។
កញ្ញាបានថ្លែងទៀតថា “កាលពីមុនក្នុងគម្រោងអភិវឌ្ឍន៍ខុនដូមួយៗ មានជនបរទេស ទិញគម្រោងរហូតដល់ ៧០ភាគរយឯណោះ តែចូលមកដល់ឆ្នាំ២០២០ បរិបទនេះត្រូវបានផ្លាស់ប្តូរ ដោយជនជាតិខ្មែរជាច្រើនបានទិញខុនដូ នៅក្នុងប្រទេសកម្ពុជាទៅវិញ” ។កញ្ញាបានបន្តថា “ទន្ទឹមនឹងការធ្លាក់ចុះនៃជនបរទេសទិញខុនដូ នៅក្នុងប្រទេសកម្ពុជានេះដែរ សម្រាប់សេវាកម្មជួលខុនដូ និងអាផាតមិន ក៏មានការធ្លាក់ចុះដែរ ព្រោះថាអ្វីៗគឺពឹងលើបរទេស” ។
ផ្នែកទាំងនេះ ភាគច្រើនផ្គត់ផ្គង់សម្រាប់ជនបរទេស ហើយបើសិនជាជនបរទេសចូលមកកម្ពុជា មានការធ្លាក់ចុះហើយនោះ ផ្នែកទាំងនោះ ក៏មានការធ្លាក់ចុះដែរ។
កញ្ញាគឹម កិនកេសា បានបន្ថែមថា សម្រាប់ឆ្នាំ ២០២១នេះវិស័យខុនដូនៅកម្ពុជា គឺនៅតែពឹងលើជនបរទេស។ បើសិនជាឆ្នាំ ២០២១នេះ ជនបរទេសចាប់ផ្ដើមចូលមកក្នុងប្រទេសកម្ពុជាឡើងវិញ នោះវិស័យអចលនទ្រព្យ ជាពិសេសផ្នែកខុនដូ និងអាផាត់មិនគឺនឹងមានកំណើនងើបឡើងវិញ តែវាក៏អាស្រ័យលើវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ឬយ៉ាងណា។
កញ្ញាបានថ្លែងថា “សម្រាប់វិស័យនេះ អ្នកអភិវឌ្ឍន៍គួរតែផ្ដោតលើអ្នកទិញជាជនជាតិខ្មែរ ព្រោះដូចយើងបានឃើញស្រាប់ ក្នុងឆ្នាំ២០២០កន្លងទ ជនជាតិខ្មែរកាន់តែច្រើនបានទិញខុនដូ សម្រាប់វិនិយោគ និងស្នាក់នៅ” ។
ជាមួយគ្នានេះ លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ក៏បានឱ្យដឹងផងដែរថា ដោយសារតែកំណើននៃការទិញ ខុនដូពីជនជាតិខ្មែរនេះ អ្នកអភិវឌ្ឍន៍ខុនដូ គួរតែអភិវឌ្ឍន៍ដោយផ្តោតលើជនជាតិខ្មែរ និងរចនាសម្រាប់ទីផ្សារស្រុកខ្មែរ។ អ្វីដែលសំខាន់ តម្លៃក៏ជាកត្តាក្នុងការលក់ដល់ជនជាតិខ្មែរផងដែរ ព្រោះប្រជាពលរដ្ឋខ្មែរ មិនច្រើននោះទេមានលទ្ធភាពទិញខុនដូតម្លៃខ្ពស់។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE ឱ្យដឹងថា បន្ទប់ខុនដូចំនួន៩៣៧យូនីតត្រូវបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូ ក្នុងរាជធានីភ្នំពេញគិតត្រឹមដំណាច់ឆ្នាំ២០២០ កើនឡើងដល់២៥ ៩១៤យូនីត ។
ការស្រាវជ្រាវរបស់ក្រុមហ៊ុននេះ ក៏បានរកឃើញផងដែរថា តម្លៃលក់បន្ទប់ខុនដូបានបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងត្រីមាសទី៤ ធៀបនឹងត្រីមាសទី៣ ដោយប្រភេទខុនដូប្រណីត High-End) មានតម្លៃមមធ្យម៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ធ្លាក់ចុះ១,១៩ភាគរយ ប្រភេទតម្លៃមធ្យម(Mid-Range) មានតម្លៃមធ្យម២២៥០ដុល្លារ ធ្លាក់ចុះ ៥,៨៩ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃមធ្យម១៤០០ដុល្លារ ធ្លាក់ ១,៥៦ភាគរយ៕