ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា ទំហំផ្សារទំនើបឬទីតាំងលក់រាយនៅតាមបណ្តាផ្សារទាំងនោះ កំពុងមានកំនើនខ្លាំង ធៀបនឹងឆ្នាំ២០២០កន្លងមក ដោយទំហំផ្សារនឹងកើនឡើងដល់ ១៨៦ពាន់ម៉ែត្រការ៉េ គិតត្រឹមដំណាច់ឆ្នាំនេះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិនេះថា ការកើនឡើងនូវទីផ្សារលក់រាយ ឬទីផ្សារជួលនៅតាមផ្សារទំនើបនានានឹងមានកំនើនខ្ពស់ ដែលធ្វើឲ្យផ្សារមួយចំនួនអាចនឹងពន្យាពេលបើកដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ ដោយអាចនឹងពន្យាពេលបើកដំណើរការរហូតដល់ឆ្នាំ២០២២ ឬ២០២៣ខាងមុខនេះ។
អ្នកស្រីបន្តថា “ការកើនឡើងនូវទំហំទីផ្សារលក់រាយ ជាកំនើនមួយដែលឆ្លុះបញ្ចាំងពីការផ្គត់ផ្គង់លើសតម្រូវការ ដោយសារអំណាចនៃការទិញរបស់ប្រជាពលរដ្ឋ មិនទាន់សមស្របនៅឡើយ” ។ អ្នកស្រីបន្តថា “ផ្សារទំនើបខ្លះបានសាងសង់នៅទីតាំងមួយ ដែលមិនមានភាពអំណោយផល លើហេដ្ឋារចនាសម្ព័ន្ឋមូលដ្ឋាន និងលក្ខខ័ណ្ឌជីវភាពរបស់ប្រជាពលរដ្ឋ ដែលនេះជាបញ្ហាប្រឈមធំមួយ” ។
អ្នកស្រី អាន សុធីតា បានបន្តថា ទីតាំងខ្លះមានផ្សារបីជាប់គ្នា ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋមិនអំណោយផល ជាហេតុធ្វើឲ្យផ្សារមិនអាចទាក់ទាញអតិថិជនបាន ជាមួយនឹងលទ្ឋភាពប្រជាពលរដ្ឋខ្មែរនៅមានកម្រិត ប៉ុន្តែអ្នកវិនិយោគ ដោយសារមើលឃើញផលចំណេញខ្ពស់ពីផ្នែកនេះ ពួកគេបានវិនិយោគទាំងខ្លួនឯង មិនមានជំនាញលើផ្នែកនេះឲ្យបានត្រឹមត្រីវនិងច្បាស់លាស់។
អ្នកស្រីបន្ថែមថា “ហេតុនេះ ខ្ញុំគិតថាផ្សារមួយចំនួននឹងមានអត្រាជួលទាប នៅពេលខាងមុខ ដោយសារទំហំនៃការផ្គត់ផ្គង់ចាប់ផ្តើមលើសតម្រូវការ និងកំលាំងនៃការទិញរបស់ប្រជាពលរដ្ឋនៅមានកម្រិត” ។ អ្នកស្រីបន្ថែមថា “ខ្ញុំគិតថាផ្សារមួយចំនូន នឹងពន្យាពេលបើកដំណើរការនៅឆ្នាំនេះ ដោយសារសម្ពាធនៃការប្រកួតប្រជែងកើនឡើងខ្ពស់” ៕