ដោយ រ៉ាណេត
ភ្នំពេញ៖ ខណ្ឌមានជ័យដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងភ្នំពេញនាពេលបច្ចុ ប្បននេះ បាននឹងកំពុងសក្តានុពល និងរីកចំរើនខ្លាំង លើវិស័យសំណង់ និងអចលនទ្រព្យដូចជាវិស័យដីធ្លី គម្រោងខុនដូ គម្រោងផ្សារទំនើប និងលំនៅឋានជាដើម។
លោកស្រី ចេវ សុឃុន នាយិកាក្រុមហ៊ុន CAT Appraisal បានឱ្យដឹតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កុម្ភៈកន្លងមកងថា ខណ្ឌមណ្ឌជ័យ គឺជាខណ្ឌមួយដែលកំពុងមានសក្តានុពលលើវិស័យអចលនទ្រព្យខ្លាំង ដោយសារមានគម្រោងវិនិយោគធំៗជាច្រើនបាននិងកំពុងមានវត្តមាននៅទីនោះ ហើយធ្វើឱ្យតំបន់នោះ កាន់តែទាក់ទាញគម្រោងវិយោគផ្សេងៗទៀត ។
លោកស្រីថ្លែងថា “តំបន់ដែលមានសក្តានុពលខ្លាំងនាពេលបច្ចុប្បន្ននេះ យើងឃើញនៅតំបន់ភាគខាងត្បូងមានសន្ទុះខ្លាំង ជាពិសេសនៅងខណ្ឌមានជ័យស្ថិតនៅតំបន់គម្រោងផ្សារទំនើបអេអន៣ (តំបន់ ៦០ ម៉ែត្រ)គម្រោងប៉េងហួត និងគម្រោងរបស់ជីបម៉ុងជាដើម ដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងអនុវត្តគម្រោងធំៗរបស់ខ្លួន” ។
លោកស្រីចេវ សុឃុន បានបន្ថែមថា នៅតំបន់នេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដែលបានឹងកំពុងដុះឡើង និងកំពុងអភិវឌ្ឍន៍ដែលនឹងជួយ ឱ្យវិស័យអចលនទ្រព្យកាន់តែមានសន្ទុះរីកចំរើនកាន់តែខ្លាំង តែយ៉ាងណានៅតំបន់ផ្សេងៗ ទៀតក៏មានការរីកចំរើនផងដែរ។
ជាមួយគ្នានេះ លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ឱ្យដឹងដែរថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញបាន និងកំពុងរីកចំរើនខ្លាំងលើវិស័យអចលនទ្រព្យច្រើន ជាងបណ្តាជាយក្រុងនានា ជាពិសេសតំបន់ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុនសែន ដោយសារមានគម្រោងធំៗជាច្រើនទៅកាន់ទីនោះ។
លោកស្រីបន្តថា “តំបន់ផ្លូវ៦០ម៉ែត្រ ហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយសារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើប AEON Mall 3 ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់” ។
រីឯលោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានឱ្យដឹងដែរថា ស្ទើតែគ្រប់តំបន់នៃរាជធានីភ្នំពេញ គឺមានការរីកចំរើនវិស័យអចលនទ្រព្យទាំងអស់ ប៉ុន្តែ សម្រាប់ខណ្ឌមានជ័យ ស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ គឺមានការរីកចំរើនខ្លាំង។
លោកបន្តថា “ការរីកចំរើនលើវិស័យអចលនទ្រព្យនេះ ដោយសាររដ្ឋាភិបាលគាត់ដាក់ចេញនូវគោលនយោបាយ ពង្រីកក្រុង និង ផែនការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ដូចប្រសាសាន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើង គឺថា តំបន់ភាគខាងត្បូង ភាគខាងលិខ និងខាង នឹងត្រូវពង្រីកបន្ថែម ប៉ុន្តែ ភាគខាងកើតរងចាំសិន” ៕