ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីមហាមិត្តចិន និងចាប់ផ្តើមប្រើប្រាស់នៅកម្ពុជា បណ្តាអ្នកវិនិយោគ និងអ្នកតំណាងវិស័យឯកជនបានបង្ហាញពីក្ដីសាទរ និងការរំពឹងទុកថាភាពល្អប្រសើរលើវិស័យជាច្រើន ជាពិសេសភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមមានពន្លឺឡើងវិញជាក់ជាមិនខាន។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការចាប់អនុវត្តប្រើប្រាស់នៃការចាក់វ៉ាក់សាំងនៅកម្ពុជា គឺជារឿងដ៏ប្រសើរបំផុតសម្រាប់បណ្តាអ្នកវិនិយោគនៅក្នុងស្រុក ប្រជាពលរដ្ឋទូទៅផងដែរ ជាពិសេសបានបង្កើនទំនុកចិត្តចំពោះវិនិយោគិនអន្តរជាតិឱ្យមកកាន់កម្ពុជាប្រកបដោយភាពជឿជាក់។
លោកឧកញ៉ាបានបញ្ជាក់ថា “វាជារឿងល្អបំផុតដែលក្រៅពីអាចកាត់បន្ថយនូវការឆ្លងរាលដាលនៅក្នុងស្រុក ថែមទាំងជួយសម្រាលនូវជំងឺផ្លូវអារម្មណ៍ ជួយឱ្យសេដ្ឋកិច្ចជាតិអាចដំណើរការទៅបាន ជាពិសេសបណ្តាវិនិយោគិនជាតិ និងអន្តរជាតិមានទំនុកចិត្តអាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយបានប្រកបដោយទំនុកចិត្តខ្ពស់”។
លោកបន្តថា “ក្នុងគ្រាដែលប្រឈមនឹងការឆ្លង គ្រប់ពេលដែលធ្វើដំណើរចេញចូលប្រទេសណាមួយចាំបាច់ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសូម្បីតែត្រូវជំនួបនៅប្រជុំជាមួយដៃគូវិនិយោគត្រឹម៤-៥ម៉ោងប៉ុណ្ណោះ ហើយពេលត្រឡប់ចូលប្រទេសសមីខ្លួនវិញក៏ត្រូវចំណាយពេល១៤ថ្ងៃធ្វើចត្តាឡីស័កម្ដងទៀត ដូច្នេះវាជាបញ្ហារាំងស្ទះមួយចំពោះមុខ។ ប៉ុន្តែក្រោយពេលមានការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ភាពភ័យបារម្ភត្រូវបានកាត់បន្ថយ មិនមានការធ្វើចត្តាឡីស័កទៀតនោះទេ ហើយកម្ពុជានឹងមានលទ្ធភាពក្នុងការទទួលគម្រោងវិនិយោគថ្មីៗពីបរទេសកាន់តែច្រើន។ ដោយឡែកប្រសិនបើក្រោយការទទួលបានការចាក់វ៉ាក់សាំង និងមានបណ្ណបញ្ជាក់ពីក្រសួងសុខាភិបាលសម្រាប់ការធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតគឺជាចំណុចប្រសើរបំផុត និងបង្កើនទឹកចិត្តសម្រាប់បណ្តាអ្នកវិនិយោគ”។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ថា ការដែលទទួលបានវ៉ាក់សាំងពីមហាមិត្តចិនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះគឺជារឿងមួយដ៏ប្រសើរសម្រាប់គ្រប់មុខជំនួញទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែក្នុងរយៈពេលជិតមួយឆ្នាំកាលពីពេលកន្លងទៅស្ទើរតែគ្រប់ការធ្វើជំនួញ កិច្ចការងារវិនិយោគនានា ឬការធ្វើដំណើរផ្សេងៗត្រូវបានកាត់ផ្ដាច់ ដូច្នេះនៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំង និងចាប់អនុវត្តប្រើប្រាស់ គឺជាពន្លឺនៃក្ដីសង្ឃឹមដែលកម្ពុជាទន្ទឹងរង់ចាំ។ មិនមែនតែកម្ពុជានោះទេ គ្រប់បណ្តាប្រទេសលើសាកលលោកគឺទន្ទឹងរង់ចាំវ៉ាក់សាំងមានប្រសិទ្ធភាពដូចគ្នា។
លោកឧកញ៉ាបញ្ជាក់ថា “សម្រាប់តែវិស័យអចលនទ្រព្យនៅកម្ពុជា បើទោះជាមានការវាយឡុកដោយកូវីដ១៩ ប៉ុន្តែនៅតែទទួលបានការបណ្តាក់ទុនវិនិយោគជាច្រើនពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយក៏មានក្រៅស្រុកមួយចំនួនផងដែរ”។
លោកបន្តថា “ជាការពិតកម្ពុជា គឺជាប្រទេសមួយដែលមានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដប្រកបដោយប្រសិទ្ធភាពក្រោមការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលក្រោមការតាំងចិត្តរបស់ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ដែលមានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ដែលទាំងនេះមិនមែនជារឿងចៃដន្យនោះទេ។ ប្រសិនបើមិនមានយន្តការប្រកបដោយភាពត្រឹមត្រូវនោះទេ កម្ពុជានឹងអាចធ្លាក់ក្នុងវិនាសកម្មសេដ្ឋកិច្ចជាក់ជាមិនខាន ដូច្នេះទោះស្ថិតនៅក្នុងស្ថានភាពនៃវិបត្តកូវីដក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់នូវកញ្ចប់ថវិកាសម្រាប់ប្រជាពលរដ្ឋដែលជនងាយរងគ្រោះ ក៏ដូចជាបណ្តាសហគ្រិន និងបណ្តាក្រុមហ៊ុនដែលស្ថិតវិស័យផ្សេងផងដែរ ដើម្បីធ្វើយ៉ាងណាអាចជួយសម្រាល និងទ្រទ្រងដំណើរការអាជីវកម្ម ផលិតកម្មបានក្នុងស្ថានការដែលលំបាក”។
លោកឧកញ៉ានួន រិទ្ធីបានបញ្ជាក់ទៀតថា “ក្នុងនាមខ្ញុំជាប្រជាជាតិខ្មែរពិតជាមានមោទនភាពចំពោះថ្នាក់ដឹកនាំរបស់កម្ពុជាដែលជ្រកក្រោមម្លប់សន្តិភាព និងមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាសាកល។ ដោយឡែក សម្រាប់វិស័យធ្វើជំនួញទោះស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈមនឹងការឆ្លងជំងឺយ៉ាងណា សម្ដេចតេជោបានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េ ហើយបានបន្តទៅដល់ប្រទេសចិនដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មហាមិត្តចិន ខណៈដែលប្រទេសចិនកំពុងស្ថិតក្នុងភាពឯកោ”។
ក្រោមទឹកចិត្តមនុស្សធម៌ និងរួមសុខរួមទុក្ខជាមួយគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងមហាមិត្តចិន ជាលទ្ធផលកម្ពុជាបានស្រូបទាញទុនវិនិយោគ និងពាណិជ្ជកម្មមកពីបណ្តាប្រទេសនានាជាច្រើនលើសាកលលោក ជាពិសេសប្រទេសចិនដែលបានក្លាយជាដៃគូវិនិយោគដ៏ធំធេង និងឈរនៅលំដាប់កំពូលជាងគេនៅកម្ពុជា ហើយនឹងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើនទៀតនៅពេលខាងមុខនេះបន្ទាប់ពីកម្ពុជាប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធផាពដែលជាជំនួយក្នុងដំណាក់កាលដំបូងពីមហាមិត្តចិនក្នុងនាមជាសម្ព័ន្ធមិត្តដែកថែប៕