ដោយៈ ប៊ី
ភ្នំពេញ៖ អ្នកជំនាញព្រមានថា ការផ្គត់ផ្គង់ទីផ្សារលក់រាយនឹងអាចលើសតម្រូវការនៅឆ្នាំ២០២១ ខណៈអត្រាទីផ្សារលក់រាយនៅឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនកើន១៨៦ ០០០ម៉ែត្រការ៉េ ដែលជាទំហំមួយដ៏ធំ សម្រាប់ការផ្គត់ផ្គង់។
លោកស្រីអាន សុធីតាអគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ប្រាប់កាលពីថ្មីៗនេះថា ទីផ្សារលក់រាយនៅឆ្នាំ២០២១ នឹងមានកំណើន កើនឡើង១៨៦ ០០០ម៉ែត្រការ៉េ ហើយនេះគឺតួលេខធំ ដែលពិបាក ក្នុងការទាញយកអត្រាប្រើប្រាស់ពីអតិថិជន ដោយសារនៅក្នុងឆ្នាំ២០២០ មានប៊្រែនមួយចំនួនត្រូវបានបិទ ប៉ុន្តែប៊្រែនៗមួយចំនួនបានចូលមកដែរ។
លោកស្រីបានថ្លែងថា ទីផ្សារលក់រាយ គឺជាទីផ្សារមួយ ដែលមានសក្តានុពលធ្វើឱ្យអ្នកអភិវឌ្ឍន៍ស្រូបទាញផលចំណេញបានខ្ពស់ បើប្រៀបនឹងផ្នែកផ្សេងៗ ដោយឡែកផ្នែកនេះត្រូវការមានជំនាញ និងបច្ចេកទេស ជាមួយដើមទុនគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ផ្សារមួយបាន ហើយគាត់ (អ្នកអភិវឌ្ឍន៍) ចាប់ផ្តើមប្រកួតប្រជែងអភិវឌ្ឍន៍ ប៉ុន្តែភ្លេចគិតពីចំនួននៃការផ្គត់ផ្គង់ និងអតិថិជនជួល។
លោកស្រីបានថ្លែងទៀតថា “ខ្ញុំមើលឃើញថា ទីតាំងខ្លះ មានផ្សាររហូតដល់ទៅ៣នៅទីតាំងក្បែរៗគ្នា ហើយនេះគឺជាកត្តាហានិភ័យ និងកត្តាព្រួយបារម្ភបំផុត ហើយអ្នកអភិវឌ្ឍន៍ ទោះបីដឹងថា ខ្លួនឯងអាចធ្វើផ្សារបាន តែមិនគួរធ្វើទេ បើសិនជាវាមានការផ្គត់ផ្គង់លើសតម្រូវការ”។
លោកស្រីបានបន្តទៀតថា គម្រោងទីផ្សារលក់រាយមានទំហំ១៨៦ ០០០ម៉ែត្រការ៉េក្នុង ដែលរពឹងទុកថានឹងបញ្ចប់ឆ្នាំ២០២១ នឹងត្រូវបានពន្យាពេល ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចស្វែងរកអតិថិជនជួលបាន ហើយមានយឺតយ៉ាវក្នុងការសាងសង់ ដូច្នេះប្រហែលជាការផ្គត់ផ្គង់មិនអាចមានទំហំដល់១៨៦ ០០០ម៉ែត្រការ៉េនោះទេក្នុងឆ្នាំ២០២១ និងអាចពន្យាពេលដល់២០២២ ឬ២០២៣។
យោងតាមលោកស្រីអាន សុធីតាបានឱ្យដឹងថា ប៊្រែនផ្សារលក់រាយ ដែលចូលថ្មី មានចំនួន២៦ប៊្រែន និងពង្រីកសាខាចំនួន៤០ ដោយឡែកប៊្រែនដែលត្រូវបានបិទចំនួន៩ និងចាក់ចេញចំនួន៧។
លោកបានឱ្យដឹងថា បញ្ហាចម្បង ដែលប្រ៊ែនត្រូវបានបិទ និងចាកចេញ គឺកត្តា “កម្លាំងទិញ” ដែលឥទ្ធិពលនៃការទិញរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ហើយាការផ្គត់ផ្គង់ថ្មីៗ មិនអាចឈរជំហររឹងមាំបានទេ ប្រសិនបើការផ្គត់ផ្គង់នៅតែបន្តកើនឡើងដូច្នេះ ព្រោះមនុស្សម្នាក់អាចចូលផ្សារពីរក្នុងពេលតែមួយបានទេ ហើយអាចទៅផ្សារបានរាល់ថ្ងៃនោះទេ៕