ដោយៈគង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋ និងការដាក់ចេញផែនការយុទ្ឋសាស្ត្រច្បាស់លាស់ បានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅខេត្តចំនួន៤កំពុងមានភាពលេចធ្លោនិងទាក់ទាញ។
១.ខេត្តស្វាយរៀង
ថ្វីត្បិតតែខេត្តស្វាយរៀង គឺជាខេត្តមានសក្តានុពលពាណិជ្ជកម្មក្តី ប៉ុន្តែក្រឡេកទៅមើលវិស័យសំណង់និងអចលនទ្រព្យវិញ ឃើញថាខេត្តមានសញ្ញាវិជ្ជមានច្រើន និងមានសកម្មភាពអភិវឌ្ឍលើបណ្តាគម្រោងសាងសង់ដដែល។
តាមប្រសាសន៍របស់អភិបាលខេត្តស្វាយរៀងឱ្យដឹងថា បច្ចុប្បន្នខេត្តស្វាយរៀង មានភាពរីកចម្រើនគួរឱ្យកត់សម្កាល់ និងមានភាពទាក់ទាញមិនចាញ់ខេត្តដទៃទៀតទេ។
សំណង់លំនៅដ្ឋាន អគារខ្ពស់ៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម មិនមានការផ្អាកសកម្មភាពសាងសង់អ្វីទេ។
២.ខេត្តកោះកុង
បើប្រៀបធៀបនឹងខេត្តជាប់មាត់សមុទ្រដទៃដូចជា ព្រះសីហនុ កែប និងកំពត ខេត្តកោះកុង ហាក់បីដូចជាស្ថិតនៅជួរខាងក្រោយគេ លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះ កំពុងផុសផុលលើសកម្មភាពវិនិយោគ ពីបណ្តាវិនិយោគិននានា។
អ្នកជំនាញអចលនទ្រព្យធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ចំពោះសេដ្ឋកិច្ច ដូច្នេះទើបការវិនិយោគលើវិស័យអចលនទ្រព្យ មានជាបន្តបន្ទាប់ ពិសេសគម្រោងធំៗដូចជា ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅ និងគំរោងពង្រីកផ្លូវជាតិលេខ៤៨ ការកសាងផ្លូវជាតិលេខ១០ចេញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តកោះកុងជាលើកដំបូង។
លើសពីនេះ គម្រោងស្ថាបនាកំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិធំៗ កំពុងមានការអភិវឌ្ឍជាបណ្តើរៗ ដែលនាំឱ្យខេត្តនេះរីកមុខមាត់ខ្លាំងលើវិស័យអចលនទ្រព្យ។
៣ ខេត្តកំពង់ស្ពឺ
ខេត្តមួយនេះ មានសក្តានុពលលើគម្រោងរោងចក្រ និងសហគ្រាសខុសពីគេ ដោយហេតុថា កត្តាភូមិសាស្ត្រស្ថិតនៅជិតទីក្រុងភ្នំពេញ និងអំណោយផលទៅលើការដឹកជញ្ជូន អាស្រ័យដោយការរិកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធទូរទាំងខេត្ត។ ដូច្នេះទើបបានជាបណ្តាវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ម្ចាស់គម្រោងបុរីលំនោដ្ឋានឬដីឡូតិ៍នានា នាំគ្នាសម្រុកមកវិនិយោគលើវិស័យសំណង់ជាហូរហែ។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកំពង់ស្ពឺបានទាក់ទាញលើគម្រោងវិនិយោគ ក្នុងវិស័យសំណង់ប្រមាណជាង២០០លានដុល្លារ ដែលគំរោងទាំងនោះសុទ្ធសឹង ជាគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម។
ខេត្តនេះមានសក្តានុពលផងដែរ ដោយសារជាខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ឋធំៗឆ្លងកាត់ ដែលតភ្ជាប់ទៅកាន់ខេត្តដ៏មានសក្តានុពល ជាប់មាត់សមុទ្រគឺខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ
ផ្លូវសំខាន់ៗចំនួន៣៤ខ្សែ ដែលបាននិងកំពុងបញ្ចប់ការស្ថាបនា បានធ្វើឲ្យខេត្តនេះផ្លាស់ប្តូរមុខមាត់បន្ថែមទៀត ជាមួយនឹងសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅតែមួយគត់ ព្រលានយន្តហោះលំដាប់អន្តរជាតិ ផ្លូវរថភ្លើង ការកសាងផ្លូវល្បឿនលឿនជាលើកដំបូងឆ្ពោះទៅកាន់ខេត្តនេះ និងសក្តានុពលតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដែលកំពុងជំរុញការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ដែលបានធ្វើឲ្យមានការវិនិយោគគំរោងអចលនទ្រព្យធំៗជាច្រើននៅខេត្តនេះ។
ខេត្តនេះជាតំបន់សេដ្ឋកិច្ចពហុបំណង និងជាតំបន់ស្ថិតនៅលើផែនការអភិវឌ្ឍន៍នៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លួវមួយរបស់ប្រទេសចិន។
ខេត្តសៀមរាប
ហេដ្ឋារចនាសម្ព័ន្ឋធំៗទូទាំងងខេត្តបាន និងកំពុងរៀបចំឡើងយ៉ាងលឿន ប្រកបដោយគុណភាព ការកែលំអរស្ទឹងសៀមរាប ការសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀតរបស់វិស័យឯកជនដូចជា ការវិនិយោគរបស់ក្រុមហ៊ុន Naga Corp នៅខេត្តនេះតម្លៃ ៣៥០លានដុល្លារអាមេរិក។
លើសពីនេះ ការវិនិយោគគំរោងលំហែរកាយ របស់ក្រុមហ៊ុនវិនិយោគកោះសង្សារ នៅស្រុកបន្ទាយស្រីខេត្តសៀមរាប និងគំរោងបុរីលំនៅដ្ឋានជាច្រើនទៀត កំពុងពង្រីកសក្តានុពលរបស់ខេត្តនេះ កំពុងរុញខេត្តនេះទៅកាន់កម្រិតថ្មីមួយទៀត ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិក្រៅពីប្រាសាទបុរាណ។
ខេត្តមណ្ឌលគិរី
ជាមួយនឹងការប្រកាសបង្កើត គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកលើការសិក្សាលើផែនការអភិវឌ្ឍន៍ ព្រលានយន្តហោះខ្នាតតំបន់លំដាប់អន្តរជាតិ បានធ្វើឲ្យខេត្តនេះទាក់ទាញការវិនិយោគយ៉ាងគំហុក ពីអ្នកវិនិយោគជាតិ អន្តរជាតិ ដែលភាគច្រើនពួកគេសាងសង់រមណីយដ្ឋាន និងផ្ទះបែបលំហែរកាយ ដោយសារខេត្តមណ្ឌលគិរី ជាខេត្តមានអាកាសថាតុល្អជាងគេ មានទេសភាពដ៏ស្រស់ស្អាតគ្មានពីរ និងមានសណ្ឋានដីបែបខ្ពង់រាប ដែលធ្វើឲ្យមានអំណោយផលដល់ការដាំដុះ។
ក្រសួងទេសចរណ៍បានរៀបចំផែនការអភិវឌ្ឍន៍ខេត្តនេះ ជាតំបន់អភភិវឌ្ឍន៍សេដ្ឋកិច្ចពហុបំណង តាមរយៈការកសាងតំបន់សេដ្ឋកិច្ចពិសេស កសាងមូលដ្ឋានទេសចរណ៍លំដាប់អន្តរជាតិ និងផែនការរៀបចំដាំផ្កា និងបន្លែសម្រាប់ទាក់ទាញទេសចរណ៍ផង និងសម្រាប់ប្រើប្រាស់សម្រាប់ជាមូលដ្ឋាន ចែកចាយទៅកាន់សេវាកម្មបដិសណ្ឋារកិច្ចទីទាំងប្រទេសផងដែរ៕