ដោយ វុត្ថា
ភ្នំពេញ៖ ផ្លូវជាតិលេខ៦ប្រវែង២៤៨,៥៣គីឡូម៉ែត្រ ភ្ជាប់រវាងខេត្តកំពង់ចាម ដល់តំបន់អង្រ្គង ខេត្តសៀមរាប ជាសសៃឈាមនិងជាមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា។
ការសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងសរុប២៤៨,៥៣ គីឡូម៉ែត្រ ចាប់ពីថ្នល់កែងខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ក្រាលបេតុង កៅស៊ូ AC ដែលដាក់ ឱ្យប្រើប្រាស់ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨ នេះ ត្រូវានចំណាយថវិកាសរុបប្រមាណ២៥៥,០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd) និងប្រើរយៈពេលសាងសង់ចំនួន៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធផ្លូវ ក្រោមអធិបតីភាណសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានាព្រឹកថ្ងៃទី១១ មិថុនានេះថា សមិទ្ធផលដែលលេចចេញជារូបរាងឡើងនៅពេលនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុ ជាជូនដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល កើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងសង្រ្គាមរ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ពេញផ្ទៃប្រទេស។
លោកបន្តថា កំណាត់ផ្លូវជាតិលេខ៦នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជនរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។
កំណាត់ផ្លូវនេះអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ដែលជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។
ជាមួយគ្នានេះផងដែរ កំណាត់ផ្លូវនេះជួយជំរុញកំណើនអត្រានៃភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនានៅបណ្តាខេត្តស្ថិតតាមបណ្តាយខ្សែផ្លូវ ជាពិសេស ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តជិតខាងដូចជាខេត្តព្រះវិហារ ដែលជាខេត្តសំបូរទៅដោយប្រាង្គប្រាសាទប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ផ្លូវជាតិនេះ មានអតីតកាលឈឺចាប់ជាច្រើន ដែលបានកាត់ផ្តាច់ដោយសារតែភ្លើងសង្រ្គាម ប៉ុន្តែបានប្រែក្លាយជាមោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់បាននូវភ្លើងសង្រ្គាម និងសម្រេចបាននូវសមិទ្ឋិផលដ៏ល្អ។សម្តេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិននិងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រ ចំពោះការរីកលូតលាស់របស់ប្រទេសកម្ពុជា ហើយប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋត្រូវបានកសាងឡើងជាបន្តបន្ទាប់។
សម្តេចតេជោបានបន្តថា “តាមរយៈការជួយសាងសង់ផ្លូវជាតិលេខ៦ ចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុងកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទៀត”៕