ខុនដូតម្លៃ៧០លានដុល្លារ ត្រៀមបញ្ចប់ការសាងសង់ ខណៈទីផ្សារនៅតែល្អ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងខុនដូប្រណីត AXIS Resident តម្លៃ៧០លានដុល្លារ ដែលវិនិយោ​គ​ដោយជនជាតិសឹង្ហបុរី ត្រៀមបញ្ចប់ការសាងសង់ជាមួយនឹងទំនុកចិត្ត ដោយសារទីផ្សារខុនដូនៅក្រុងភ្នំពេញ នៅតែមានសញ្ញាល្អប្រសើរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត ដែលទទួលសិទ្ឋលក់ផ្តាច់មុខនៃគំរោងខុនដូ AXIS Resident លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាម​ទូរស័ព្ទនាព្រឹកថ្ងៃទី១១ មិថុនានេះថា រហូតមកទល់ពេលនេះគំរោងខុនដូ AXIS Resident បានត្រៀមបញ្ចប់ការសាងសង់ហើយ ជាមួយនឹងការលក់ទទួលបានជោគជ័យ ព្រោះរហូតមកទល់ពេលនេះ យូនីត៦៤២ ក្នុងគំរោងខុនដូដែលមាន៨អាគារនេះបានលក់ អស់ជាង៦០ភាគរយហើយ។

ខុនដូនេះមានផ្ទះចាប់ពី១បន្ទប់ ដល់៣បន្ទប់គេង និងមានផ្ទះបែប Pen House ដោយលក់ក្នុងតម្លៃ ១៤២៨ដុល្លារ ដល់ ១៨៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គំរោងនេះស្ថិតនៅលើវិថីដួង ងៀប៣ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឃាង ពុទ្ឋីបានបន្តថា “ខុនដូ AXIS មានលក្ខណៈពិសេសជាច្រើន ដោយសារ​ក្រុមហ៊ុនចង់ផ្តល់ឲ្យអ្នករស់នៅមានភាពកក់ក្តៅ និងផាសុខភាព ហេតុនេះទើបគំរោងនេះ​សាងសង់លើផ្ទៃដីធំទូលាយ និងមានពន្លឺចេញចូលគ្រប់គ្រាន់ក្នុងអាគារ”។ លោកបន្តថា “អ្វីកាន់តែពិសេស ក្រុមហ៊ុនបានផ្តល់សេវាកម្មដល់ អ្នករស់នៅក្នុងគំរោងនេះចំនួន២២មុខ ដូចជា អាងហែលទឹកធំទូលាយ ទីកន្លែងវាយតេនីស សួនកុមារ បណ្ណាល័យអានសៀវភៅ កន្លែងហាត់ប្រាណ ទីតាំងសម្រាប់ជប់លៀងជាដើម”។

គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន SPRING Development Tte និងក្រុមហ៊ុនSanwah Main Holding មកពីសឹង្ហបុរី។គំរោងនេះនឹងដាក់ឲ្យប្រើប្រាស់នៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ។

លោកបន្តថា ទីផ្សារខុនដូនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ប៉ុន្តែអតិថិជនភាគ​ច្រើនបានទិញគំរោងនេះជាជនបរទេស ដែលមានការគ្របដណ្តប់រហូតដល់ប្រមា​ណ​៧០ភាគរយ ខណៈជនជាតិខ្មែរ ហាក់មិនទាន់ពេញនិយមស្នាក់នៅតាមខុនដូច្រើននៅឡើ​យ ប៉ុន្តែនិន្នាការទីផ្សារកំពុងកើនឡើង។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា នៅក្នុងត្រីមាសទី៣ឆ្នាំនេះ គំរោងខុនដូថ្មីៗ មិនសូវបានប្រកាសសាងសង់ច្រើននោះទេ ប៉ុន្តែទីផ្សារខុនដូនៅតែល្អប្រសើរជាធម្មតា សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេ​ស​នៅតែចាប់អារម្មណ៍វិនិយោគ។

អ្នកនាងបន្តថា “ការលក់ខុនដូល្អខ្លាំងសម្រាប់គំរោងដែល​ស្ថិតនៅទីតាំងល្អ និងគំ រោងខុនដូដែលបានបញ្ចប់ការសាងសង់រួច ឬជិតបញ្ចប់ការសាងសង់ ព្រោះអ្នកវិនិយោគ​នាពេលនេះ ពួកគេមិនចង់ចំណាយពេលរង់ចាំច្រើននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here