សម្ដេចតេជោៈ បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

0

ដោយៈ ប៊ី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការលើកឡើងបែបននេះរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើង ក្នុងសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អមជាមួយការប្រកាស «ចលនាប្រលងប្រណាំងទីក្រុងស្អាតលើកទី៣» ដែលចេញផ្សាយលើ Page Facebook ផ្លូវការរបស់សម្តេច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចតេជោបានមានប្រសាសន៍ថា លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូវចៅជំនាន់ក្រោយៗទៀត។

សម្តេចតេជោបានបន្ថែមថា ក្នុងនោះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។

ក្នុងស្មារតីឆ្លើយតបទៅននឹងការវិវត្តន៍ និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ៖ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធនាចីរភាពនៃការអភិវឌ្ឍ។

ឈរលើមូលដ្ឋាននេះកម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

សម្តេចបានថ្លែងបន្តថា ឆ្នាំនេះ គឺជាឆ្នាំទី៩ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី”។

តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន “ភាពស្អាត និងបៃតង” យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាតើ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលទីជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រកដសម្រាប់ការនៅពួកគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here