ការដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីកំពុងដំណើរការដោយរលូន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ជាមួយនឹងដំណើរការ និងសកម្មភាពសាងសង់យ៉ាងសកម្ម ដើម្បីឈានទៅរកការបញ្ចប់គម្រោង ក្នុងដំណាក់ដំបូងនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ ការដោះស្រាយបញ្ហា និងផលប៉ះពាល់គម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីគិតមកដល់ដើមឆ្នាំ២០២១នេះ សម្រេចបានប្រមាណ៤៤ភាគរយហើយ ខណៈដែលលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ៣០ភាគរយ។

ប្រធានប្រឹក្សាខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានមានប្រសាសន៍ឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា រហូតមកដល់ពេលនេះ បើទោះជាកំពុងញាំញីដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសកម្មភាពនៃការសាងសង់ គម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី នៅតែបន្តយ៉ាងមមាញឹក ដោយមិនមានការផ្អាកនោះទេ។

លោកបានបញ្ជាក់ថា “សកម្មភាពសាងសង់គឺមានភាពរលូន និងអភិវឌ្ឍទៅមុខស្របតាមផែនការដែលបានគ្រោងទុក ពោលគឺអាចនឹងបញ្ចប់ក្នុងដំណាក់ដំបូងនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ”។លោកបន្តថា “ប៉ុន្តែមិនមែនសម្រេចបានការសាងសង់ ផ្លូវរត់ទាំង៤ខ្សែនោះទេ អាចបានត្រឹមមួយខ្សែ ឬពីរខ្សែ សម្រាប់ដាក់ឱ្យយន្តហោះដំណើរការរត់ ក្នុងជំហានបឋម ហើយក្រុមហ៊ុនជំនាញនឹងបន្តការសាងសង់ និងស្ថាបនាបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ និងឈានទៅរកដំណាក់ទី៣ដើម្បីបញ្ចប់គម្រោងធំរួមតែម្ដង”។

ជាមួយនឹងការបញ្ជាក់ពីដំណើរការ នៃការសាងសង់ព្រលានយន្តអន្តរជាតិខ្នាតធំលើកដំបូងនៅក្នុងប្រទេសកម្ពុជា លោកម៉ៅ ភិរុណ ក៏បានប្រាប់ឱ្យដឹងផងដែរថា គិតត្រឹមដើមឆ្នាំ២០២១នេះ ការដោះស្រាយទៅលើផលប៉ះពាល់ នៃគម្រោងសាងសង់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធបានប្រមាណ៤៤ភាគរយហើយ ពោលគឺផ្ទៃដីដែលបានដោះស្រាយរួចរាល់មានប្រមាណ១,១ពាន់ហិកតានៃផ្ទៃដីសរុបទំហំប្រមាណ២,៦ហិកតា ដែលស្ថិតនៅព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើង ក្រោយពីព្រលានយន្តហោះអន្តរជាតិថ្មីនេះសាងសង់រួច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះក្នុងតំណាក់កាលទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here