ដោយ:គង់ សូរិយា
កណ្តាលៈ ខេត្តកណ្តាលបានក្លាយជាមូលដ្ឋានគំរូ ដែលបានបញ្ចប់ផែនទីកំណត់តំបន់ប្រើប្រាស់ដីសម្រាប់ពេលអនាគត និងផែនទីហេដ្ឋារចនាសម្ព័ន្ឋលើ១១ក្រុង ស្រុកទូទាំងខេត្ត។
លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ កុម្ភៈនេះថា ផែនការដ៏មានសារៈសំខាន់ទាំងពីរនេះ បានទទួលការអនុម័តដោយអភិបាលខេត្តរួចហើយ ដែលមានន័យថា អ្វីដែលបានរៀបចំនេះ អាចយកទៅប្រើប្រាស់ជាមូលដ្ឋាន នៃការអភិវឌ្ឍបានហើយ។
លោកបន្តថា “ផែនទីប្រើប្រាស់ដី និងផែនទីហេដ្ឋារចនាសម្ព័ន្ឋនេះ មិនខុសពីប្លង់គោលនោះឡើយ គ្រាន់តែប្លង់គោលត្រូវអនុម័ត ឬស៊ីញ៉េ ដោយរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។លោកបន្តថា “ផែនទីបែបនេះ ពិតជាជួយច្រើនដល់ការរៀបចំផែនការអភិវឌ្ឍកុំឲ្យមានភាពច្របូកច្របល់ ព្រោះផែនទីនេះបានកំណត់តំបន់និមួយៗមានភាពច្បាស់លាស់ទាក់ទងនឹងការអភិវឌ្ឍ”។
ផែនទីប្រើប្រាស់ដីនេះ បានកំណត់ទាំងហេដ្ឋារចនាសម្ព័ន្ឋ និងផែការប្រើប្រាស់ដីជាក់លាក់ ដូចជា តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់កសិកម្ម ត្រូវរៀបចំទំហំផ្លូវបែបណានៅតាមមូលដ្ឋាននិមួយៗ។
លោកបណ្ឌិតវ៉ាន់ វ៉ាតបានបន្តថា តាមរយៈផែនទីរៀបចំហេដ្ឋារចនាសម្ព័ន្ឋនាពេលអនាគតនេះ យើងបានកំណត់ផ្លូវនៅតាមឃុំទំហំ៨ម៉ែត្រ និងសំរាប់ផ្លួវទាល់មានទំហំ៦ម៉ែត្រ ប៉ុន្តែសម្រាប់់ផ្លូវធំបំផុតមានទំហំ៤០ ទៅ៥០ម៉ែត្រ និងផ្លូវមេរបស់ខេត្តដែលជាផ្លូវហាយវេអាចមានទំហំជាង១០០ម៉ែត្រ បើបូកបញ្ចូលដីចំណីផ្លូវ និងផ្លូវទឹក។
លោកបន្តថា “ក្រោមការដឹកនាំរបស់អភិបាលខេត្ត និងរដ្ឋមន្រ្តីក្រសួងដែនដី ខេត្តបានធ្វើការងារយ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងការរីកចម្រើននៅតាមមូលដ្ឋាន”។
ហេតុនេះក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ឋ ដែលមានបំណងកសាងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ សូមប្រើប្រាស់ផែនទីនេះ ព្រោះវាជួយសន្សំសំចៃថវិកាជាតិដល់រាប់ពាន់លានដុល្លារអាមេរិក។
យោងតាមស្ថិតិជំរឿនប្រជាពលរដ្ឋ កាលពីឆ្នាំ២០១៩បានបង្ហាញថា ខេត្តកណ្តាលមានក្រុង និងស្រុកចំនួន១១ និងមានប្រជាជនរស់នៅសរុប១,១៨០,៤៣១នាក់ ក្នុងនោះប្រុសចចំនួន៥៦៩,៤១៧ និងស្រីចំនួន៦១១,០១៤នាក់៕