ដោយ ៖ រ៉ាណេត
កំពត ៖ រដ្ឋបាលខេត្តកំពតបានជំរុញឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ និងស្ថាបនាផ្លូវថ្នល់ រួមជាមួយគម្រោងកែលម្អរសួនកម្សាន្តនានា ជាពិសេសស្ថិតនៅស្របនឹងព្រែកកំពតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដែលយ៉ាងណាឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដើម្បីស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។
អភិបាលខេត្តកំពត លោកជាវ តាយ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១បានជំរុញដល់មន្ត្រីពាក់ព័ន្ធឱ្យជួយពន្លឿនក្នុងការស្ថាបនាផ្លូវបេតុងមួយខ្សែដែលស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលជាផ្លូវដ៏សំខាន់មួយឱ្យរួចនៅមុនចូលឆ្នាំខ្មែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថែមពីលើគម្រោងកែលម្អសួននៅតាមព្រែកកំពត។
លោកជាវ តាយ បានលើកឡើងថា ផ្លូវមួយខ្សែនេះ អាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ក្នុងការសម្រួល និងបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើងទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ ផ្លូវមួយខ្សែនេះគឺ ជាផ្លូវលេខ៧០១ តភ្ជាប់បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ ១២ម៉ែត្រ ដែលគម្រោងសាងសង់ដោយចាក់បេតុងសសៃដែក មានកម្រាស់ ២តឹក មានលូអមសងខាងទំហំមាត់កាត់ ៨តឹក ជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។ ដូចនេះ ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អក្នុងដំណើរការស្ថាបនាគម្រោងផ្លូវមួយខ្សែនេះ និងប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ក្រៅពីនេះត្រូវបង្កើនការជំរុញអនុវត្តន៍ឱ្យបានឆាប់ចប់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកជាវ តាយក៏បានក្រើនរម្លឹកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពតផងដែរ ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះ ត្រូវតែមានការសិក្សាលើគម្រោងផ្លូវនានាបន្ថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។
ដោយឡែកគម្រោងស្ថាបនាសួនកម្សាន្តនៅព្រែកកំពតត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា “ការបង្កើតសួនច្បារថ្មី ប្រកបដោយសោភ័ណភាពមួយនេះឡើង គឺសំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្ដលេងកាន់តែច្រើនឡើងថែមទៀត ខណៈដែលខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ”។
យ៉ាងណាក៏ដោយ លោកបានលើកឡើងថា ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ក៏រដ្ឋបាលខេត្តកំពតនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងកំពត ពិសេសតាមដងផ្លូវ និងសួនច្បារសាធារណៈ ធ្វើយ៉ាងណាឱ្យក្រុងកំពតមានភាពទាក់ទាញ និងរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត៕