ដោយៈ រ៉ាណេត
ភ្នំពេញៈ ចាប់តាំងពីដើមខែមករា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងត្រីមាសទី១ ស្ថានភាពនៃទីផ្សារជួលអាផាតម៉ិន ហាក់មិនមានអ្វីប្រែប្រួលនោះទេ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈដែលវត្តមានរបស់ជនបរទេស ដែលជាអតិថិជនគោលដៅនៅមិនទាន់វិលចូលប្រទេសកម្ពុជាវិញនៅឡើយ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១នេះ ស្ថានភាពនៃទីផ្សារអាផាតម៉ិន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហាក់នៅមិនទាន់មានអ្វីប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ ពោលគឺនៅរក្សាស្ថានភាពដូចគ្នាទៅនឹងចុងឆ្នាំ២០២០។
លោកស្រីបន្តទៀតថា “ទីផ្សារអាផាតម៉ិនភាគច្រើន ជាតម្រូវការរបស់ជនបរទេសដែលពួកគាត់ជួសម្រាប់ស្នាក់នៅ ក្នុងកំឡុងពេលដែលពួកគាត់មកបំពេញការងារ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ពួកគាត់ដែលបានចាក់ចេញទៅប្រទេសកំណើតរបស់ខ្លួនមួយចំនួនធំ កាលពីដើមឆ្នាំ២០២០នោះ នៅមិនទាន់បានវិលត្រឡប់មកកម្ពុជាវិញនោះទេ”។លោកស្រីបន្តថា “ដូច្នេះបច្ចុប្បន្នគឺមានតែអតិថិជនចាស់ ដែលជាជនជាតិខ្មែរ ឬជនបរទេសមួយចំនួនតូច ដែលមានបានចាកចេញទៅតែប៉ុណ្ណោះ”។
បន្ថែមពីនេះ ក៏មានអ្នកខ្លះដែលជួលអាផាតម៉ិនស្នាក់នៅជាប់កុងត្រា បានចាកចេញទៅជួលផ្ទះជាយក្រុង ដើម្បីស្នាក់នៅក្នុងរយៈពេលខ្លី ដោយសារតែបារម្ភពីការរាលដាល ព្រោះត្រូវប្រើជណ្ដើរយន្តរួមគ្នា ដូច្នេះមានតែជម្រើសជួលផ្ទះជាយក្រុងស្នាក់នៅដាច់ដោយឡែក។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីរំពឹងថា នៅពាក់កណ្តាលឆ្នាំ ឬដើមត្រីមាសទី៣ទីផ្សារមួយនេះ អាចនឹងមានកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃការទប់ស្កាត់ការីករាលដាលមានភាពល្អប្រសើរទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពប្រឈម នឹងជំងឺចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ សម្រាប់ទីផ្សារអាផាម៉ិន ក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតម៉ិនភាគច្រើន ត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន។
ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារ បានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០- ៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជន ជាជនជាតិបរទេសនៅមិនទាន់ បានវិលចូលប្រទេសកម្ពុជាវិញនោះទេ។
លោកបានបន្តថា “សម្រាប់ដើមឆ្នាំ២០២១នេះ ក៏នៅតែមិនទាន់បានធូរស្រាលវិញនោះទេ ប៉ុន្តែខ្ញុំជឿថា មិនយូរទេ ទីផ្សារអាផាតម៉ិន នឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតម៉ិន ហើយនៅកម្ពុជាក៏ផ្តើមចាក់វ៉ាក់សាំងដែរ”។
លោកបន្តថា ព្រឹត្តិការណ៍២០កុម្ភៈ គ្រាន់តែជាព្រឹត្តិការណ៍សង្គម ដែលកើតមាន ប៉ុន្តែក្រោយពេលរួមគ្នាអនុវត្តន៍ វិធានការតាមការណែនាំរបស់រដ្ឋាភិបាល នឹងធូរស្រាលបន្តិចម្ដងវិញជាមិនខាន៕