តើមន្រ្តីUN និងរដ្ឋបាលខេត្តព្រះសីហនុបានផ្តោតលើបញ្ហាអ្វីខ្លះដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ និងអភិបាលខេត្តលោកគួច ចំរើនធ្លាប់បានពិភាក្សាគ្នា ដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងស្អាត និងមានការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព។

កាលពីដើមសប្តាហ៍នេះ ក្រុមមន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ​ជាមួយ​មន្ត្រី​ខេត្ត​ព្រះសីហនុ ដើម្បី​ពិភាក្សា​លើ​ដំណើរការ​គម្រោង «​ក្រុង​ព្រះសីហនុ​សម្រាប់​ទាំងអស់​គ្នា​៖ លើកកម្ពស់​ទីក្រុង​ស្អាត និរន្តរភាព និង​បរិយាប័ន្ន​» ដែលជា​គម្រោង​អនុវត្ត​ដោយ​ការិយាល័យ ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat)​។

លោកស្រីPauline Tamesis អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា គម្រោង​នេះ កើតចេញ​ពី​កិច្ចប្រជុំ​មួយ​រវាង​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នៅ​​កម្ពុជា​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩​។ នៅក្នុង​ជំនួប​នៅពេលនោះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន រួមមាន ទាំង​នគរូបនីយកម្ម កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន​។

លោកស្រី​បាន​ថ្លែងថា​ “​ដោយសារ​តែ​មាន​ការអភិវឌ្ឍ​យ៉ាង​លឿន ​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ការយកចិត្ត​ទុកដាក់​គួរតែ​ផ្ដោតទៅលើ​ថា តើ​ទីក្រុងនិង​ខេត្ត​នេះ អភិវឌ្ឍ​ឲ្យ​ទៅជា​ខេត្ត​ដែល​មាន​ភាពវៃឆ្លាត ប្រកប​ដោយ​បរិយាប័ន្ន និង​ប្រកប​ដោយ​ចីរភាព​ដោយ​របៀប​ណា”។

គម្រោង​នេះសហការនេះ ​បាន​ចាប់ផ្ដើម​ពី​ខែសីហា ឆ្នាំ ២០២០ និង​បញ្ចប់​នៅ​ខែកក្កដា​ឆ្នាំ ២០២១​។ វា​ឈរ​នៅលើ​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោកស្រី​ថ្លែងឲ្យដឹងទៀតថា “ការផ្សារភ្ជាប់​គម្រោង​ទីក្រុង​វៃឆ្លាត ​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព មិនទាន់​គ្រប់គ្រាន់​ទេ”​។ លោកស្រីបន្ថែមថា “តាមពិតទៅ គ្មាន​ទីក្រុង​ណា ដែល​ត្រូវបាន​ចាត់ទុកថា មាន​ភាពវៃឆ្លាត​ទេ ប្រសិន​បើ​ទីក្រុង​នោះ​បំភ្លេចចោល​នូវ​ផលប្រយោជន៍​របស់​ជន​ក្រីក្រ អ្នក​ដែល​គេ​គិតថា មិនសំខាន់ ក្រុម និង​សហគមន៍​ដែល​ងាយ​រងគ្រោះ”។

លោកស្រី​បន្តថា គោល​គំនិត​បង្កើត​ទីក្រុង​វៃឆ្លាត​នេះ​ គួរតែ​ទទួល​នូវ​ធាតុ​ចូល​ពី​ក្រុម​អ្នកជំនាញ អង្គការ​សង្គម​ស៊ីវិល ក្រុម​ចលនា​សង្គម និង​តំណាង​ពលរដ្ឋ ដើម្បី​ធានា​បាន​ថា គម្រោង​ទីក្រុង​វៃឆ្លាត​នេះ គ្រប់​ជ្រុងជ្រោយ និង​មានតម្លៃ​សកល​។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ ខេត្តសៀមរាប បាត់ដំបង និង​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​ដាក់បញ្ចូល​ក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន ប៉ុន្តែ​ខេត្ត​ព្រះសីហនុ មិនត្រូវ​បានដាក់​បញ្ចូល​ទេ​។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ​លោក ឃាង ភារម្យបានមានប្រសាសន៍ថា ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឲ្យ​ទៅជា​ទីក្រុង​វៃឆ្លាត មាន​សារៈសំខាន់​ហើយ​ស្រប​ទៅ​នឹង​ទស្សន​វិស័យ​របស់​រាជរដ្ឋាភិបាល”។លោក​បន្តថា “រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើ​កិច្ចការ​នេះ ដោយមាន​សមាជិក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត”​។

លោកបន្តថា ក្រុមការងារ​នេះ ​មាន​ភារកិច្ច​បង្កើត​ផែនការ​សកម្មភាព និង​ផែនការ​ហិរញ្ញវត្ថុ បង្កើត​យុទ្ធសាស្ត្រ និង​ការងារ​អាទិភាព​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង ក្នុង​ចំណោម​កិច្ចការ​ជាច្រើន​ទៀត​។ក្រុមការងារ​ក៏មាន​ភារកិច្ច​រៀបចំ​ឯកសារ​ ដើម្បី​ដាក់​ស្នើ​បញ្ចូល​ទីក្រុង​ព្រះសីហនុ​ ទៅក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​របស់​អាស៊ាន​ផងដែរ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here