បង្កើតឱកាសក្នុងពេលវិបត្តិដូចម្តេច សម្រាប់ការវិនិយោគអចលនទ្រព្យ?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នត្រូវបានអ្នកជំនាញទទួលស្គាល់ថា ពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លង ហើយបានជះឥទ្ធិពលអាក្រក់បន្តទៅដល់បណ្តាភ្នាក់ងារដែលរកចំណូលពីទីផ្សារមួយនេះ។

យ៉ាងណាក៏ដោយ អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ បានរំលឹកថាក្នុងដំណាក់កាលនេះ ភ្នាក់ងារគួរតែយកពេលដែលទីផ្សារកំពុងស្ងប់ស្ងាត់នេះ បង្កើនចំណេះដឹងបន្ថែមទៀត។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះទីផ្សារអចលនទ្រព្យនោះទេ ដែលរងនូវផលប៉ះពាល់ ទីផ្សារនៃវិស័យផ្សេងទៀតក៏ប៉ះពាល់ដូចគ្នា ទាស់ត្រង់ថាតិចឬច្រើនតែប៉ុណ្ណោះ។

លោកបន្តថា“សម្រាប់ទីផ្សារអចលនទ្រព្យ បានប៉ះពាល់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរ ប៉ុន្តែក្រោយពេលមានការរាតត្បាត នៅក្នុងសហគមន៍ដែលកាន់តែធ្វើឱ្យទីផ្សាររួមមានភាពស្ងប់ស្ងាត់”។ លោកបន្តថា “ភាពស្ងប់ស្ងាត់នេះ វាប៉ះពាល់ទាំងអ្នកវិនិយោគ ទាំងអស់អ្នកអភិវឌ្ឍន៍ ជាពិសេសធ្វើឱ្យបណ្តាភ្នាក់ងារភាគច្រើន ប៉ះពាល់ចំណូលដែលបានមកពីកម្រៃជើងសារ”។

លោកឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍បន្តទៀតថា ពួកគាត់ភាគច្រើនពិតជាប៉ះពាល់ចំណូលប្រាកដមែន ព្រោះចំណូលរបស់ពួកគាត់បានមកពីការលក់ និងការទទួលបានកម្រៃជើងសារ លុះនៅពេលទីផ្សារធ្លាក់ចុះ មានភាពស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះ ចំណូលពួកគាត់ក៏ត្រូវធ្លាក់ដែរ។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ពួកគាត់ ដែលជាភ្នាក់ងារត្រូវធ្វើនៅពេលនេះ ត្រូវតែចេះយកពេលស្ងប់ស្ងាត់ទាំងនេះ ធ្វើឱ្យមានប្រយោជន៍ដោយការបង្កើនចំណេះដឹងបន្ថែម តាមរយៈការហាត់រៀនពីជំនាញនៃការលក់។ រៀនពីរបៀបនៃការផ្សព្វ​ផ្សាយតាមបច្ចេកវិទ្យា រៀនភាសាបន្ថែមសម្រាប់ត្រៀមអនុវត្តន៍ លើទីផ្សារក្រោយពេលស្ថានការណ៍វិលត្រឡប់រកភាពល្អប្រសើរវិញ។

លោកបន្តថា “យើងកុំប្រើយុទ្ធសាស្ត្រកាប់បំពុងរង់ចាំទឹកភ្លៀង ប៉ុន្តែត្រូវកែប្រែកាលៈទេសៈប្រឈមនៅពេលនេះ ឱ្យក្លាយជាវេលាល្អសម្រាប់បង្កើនចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតទៅលើអាជីពរបស់ខ្លួន”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានមានប្រសាសន៍ថា ទោះជាមិនស្ថិតនៅក្នុងកាលទេសៈបែបនេះក៏ដោយ ក្នុងនាមជាភ្នាក់ងារអាជីពដែលអាចមានទីផ្សារច្រើន និងអាចទទួលបានភាគរយជោគជ័យខ្ពស់ គឺជាភ្នាក់ងារដែលមានចំណេះដឹងទូលំទូលាយ មានកាស្វែងយល់ច្រើនពីទីផ្សាររួម ជាពិសេសមានជំនាញផ្នែកទំនាក់ទំនងខ្ពស់”។

លោកថា “ការរៀនសូត្រ បង្កើនចំណេះដឹងគឺមិនមានដែនកំណត់នោះទេ ដូច្នេះគួរកុំទុកពេលទំនេរឱ្យកន្លងផុតទៅឱ្យសោះ តែត្រូវយកឱកាសនេះចាប់ជំនាញថ្មី បន្ថែមទៀ​ត ចេះច្រើនពេលណា មានឱកាសចាប់បានចំណែកទីផ្សារបានច្រើនដូចគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here