ដោយ:គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា បច្ចុប្បន្ននេះសមាជិកសមាគម ដែលសុទ្ធតែជាអ្នកវិនិយោគលើវិស័យលំនៅដ្ឋាន មិនបានផ្អាកគំរោងវិនិយោគរបស់ពួកគេនោះទេ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ដោយសារគំរោងអភិវឌ្ឍន៍និមួយៗ មិនបញ្ចប់រយៈពេលពីរឬបីខែ ហេតុនេះគំរោងអភិវឌ្ឍន៍លំនៅដ្ឋាននានា មិនបានផ្គាកការសាងសង់នោះទេ បើទោះជាមានវិបត្តិជំងឺកូវីដ១៩លើកទី៣នេះក្តី ប៉ុន្តែសម្រាប់គំរោងអភិវឌ្ឍន៍ថ្មីៗ អ្នកវិនិយោគក្នុងស្រុករបស់យើងកំពុងរង់ចាំមើលស្ថានភាពជាក់ស្តែង។
លោកបន្តថា “យើងពិតជាមានការបារម្ភពីជំងឺនេះ ប៉ុន្តែបើគិតពីស្ថានភាពជាមួយប្រទេសជិតខាង កម្ពុជាយើងមានភាពល្អប្រសើរជាង ហើយរដ្ឋាភិបាលកំពុងខិតខំលើការងារទប់ស្កាត់ជំងឺនេះ”។ លោកបន្តថា “ការវិនិយោគច្រើនឬតិច វាអាស្រ័យលើជំងឺកូវីដ១៩ ប៉ុន្តែបើស្ថានភាពប្រែជាល្អប្រសើរវិញ គេនឹងចាប់ផ្តើមវិនិយោគឡើងវិញហើយ”។
អ្នកឧកញ៉ាលី ហួរបានបន្តថា នៅពេលយើងចាប់ផ្តើមចាក់វ៉ាក់សាំង ជំងឺនេះបានរីករាលដាល និងផ្ទុះក្នុងសហគមន៍ ស្ថានភាពរីករាលដាលនេះ មិនដឹងចប់នាពេលណា តែលោកជឿលើសម្តេចតេជោ ដែលបាននិងកំពុងខិតខំ ដើម្បីបញ្ចប់ការរីករាលដាលក្នុងសហគមន៍។
គិតរហូតមកទល់ថ្ងៃម្សិលម៉ិញនេះ រាជធានី ខេត្តចំនួន៥នៅកម្ពុជាបានរកឃើញថា ជំងឺកូវីដបានឆ្លងចូលក្នុងសហគមន៍ ដោយថ្ងៃនេះអ្នកជំងឺចំនួន៤៤ករណីត្រូវបារកឃើញ ធៀបនឹងថ្ងៃម្សិលម៉ិញ គឺមានចំនួនថយចុះ ដែលកាលពីថ្ងៃទី២៥ កុម្ភៈកន្លងមកចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានរកឃើញចំនួន៦៥ករណី៕