ដោយ:គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នាពេលនេះ អ្នកមានធនធានច្រើននៅតែបន្តវិនិយោគអចលនទ្រព្យ ពិសេសដីធ្លី។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ កុម្ភៈនេះថា ការវិនិយោគនៅក្នុងស្ថានភាពនេះ អ្នកវិនិយោគទទួលបានលក្ខខ័ណ្ឌល្អ និងតម្លៃល្អ ដោយសារអចលនទ្រព្យ ពិសេសតម្លៃដីធ្លីនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តមិនបានឡើងថ្លៃនោះទេ គឺស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែទីតាំងខ្លះតម្លៃបានធ្លាក់ចុះ ដែលជាឳកាសល្អសម្រាប់អ្នកវិនិយោគមានធនធានច្រើន។
លោកបន្តថា “វិបត្តិកូវីដ១៩ មិនប៉ះខ្លាំងពេកដល់វិស័យនេះទេ ព្រោះស្ថានភាពថ្ងៃនេះហាក់ធូរស្រាលបន្តិច ព្រោះខ្ញុំជឿថាបន្តិចទៀត រដ្ឋាភិបាលនឹងគ្រប់គ្រងជំងឺនេះបាន ព្រោះយើងមានបទពិសោធន៍គ្រប់គ្រងបានល្អនាពេលកន្លងមក”។លោកបន្តថា “ស្ថានភាពបែបនេះអ្នកវិនិយោគពីក្រៅប្រទេស មិនទាន់ហ៊ានចូលមកទេ ដោយសារពួកគេបារម្ភពីសុខភាពរបស់ណពួកគេ ហេតុនេះមានតែអ្នកវិនិយោគក្នុងស្រុកទេ ដែលបានធ្វើសកម្មភាព”។
លោកច្រឹក សុខនីមបានបន្តថា ក្នុងពេលវេលាបែបនេះ អ្នកមានធនធានបានទិញដីទុក សម្រាប់សាងសង់គំរោងអចលនទ្រព្យ ពិសេសលំនៅដ្ឋានថ្មីៗ នៅពេលស្ថានភាពសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ។លោកបន្តថា ស្ថានភាពធូរស្រាលពេលណា វាអាស្រ័យលើប្រសិទ្ឋភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ថាតើវាមានភាពជាក់លាក់ និងជឿទុកចិត្តបានកម្រិតណា។
ជាមួយគ្នានេះ ឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា គិតរហូតមកទល់ពេលនេះ ស្ថានភាពនៃការទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនទាន់មានឃើញសញ្ញាប៉ះពាល់នៅឡើយ ដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានរយៈពេល៦ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបើវាអូសបន្លាយរយៈពេលវែងថែមទៀត វាអាចនឹងមានផលប៉ះពាល់ខ្លះៗមិនខាន។
លោកបន្តថា នៅក្នុងពេលមានការរីករាលដាលជំងឺនេះខ្លាំង យើងឃើញប្រមុខរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ហេតុនេះក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំសូមគាំទ្រទាំងស្រុងនូវការខិតខំរបស់រដ្ឋាភិបាល និងគោរពតាមការណែនាំ និងវិធានការណ៍នានាដែលបានដាក់ចេញដោយសម្តេចតេជោ”៕