អ្នកវិនិយោគ​នៅតែ​បន្ត​ស្វែងរក​អចលនទ្រព្យ​នៅ​ខេត្តកំពត-កែប ទោះ​វិបត្តិកើតឡើង​យ៉ាងណាក្ដី

0

ដោយៈ សហការី

កំពត/កែបៈ ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​យ៉ាងណាក៏ដោយ ក៏មាន​អ្នក​ស្វែង​នៅតែ​បន្ត​រក​ទិញ​ដី​នៅក្នុង​ខេត្តកំពត និង​កែប​យ៉ាងសកម្ម​នៅឡើយ។

លោក​លឹម រដ្ឋា​ ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្តកំពត និង​កែប​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា ទោះបី​ជាមាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្ដី តែ​ភ្ញៀវ​ដែល​ស្វែងរក​ដីធ្លី នៅក្នុង​ខេត្តកំពត​នៅតែមាន ហើយ​រូបលោក​ក៏​នៅតែ​បន្ត​ជូន​ភ្ញៀវ​ដើរ​មើល​ដីធ្លី បើសិនជា​ត្រូវ​គ្នា​ទៅលើ​ទីតាំង និង​តម្លៃ​គឺ​នឹងមាន​ការទិញ​លក់ភ្លាមៗ ហើយ​សកម្ម​នេះ នៅតែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា “នេះ​គឺជា​ឱកាស​សម្រាប់​អ្នក​ដែល​ចេះ​ឆក់​ឱកាស ក្នុង​ការទិញ​ដី​នៅពេល​មាន​វិបត្តិ ព្រោះ​អ្នក​ដែល​ជួបប្រទះ នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ច្បាស់​ជា​ត្រូវ​ការប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ដូច្នេះ​តម្លៃល្មមៗក្រោម​ទីផ្សារ​ពួកគាត់​នឹង​លក់” ។

លោក​រដ្ឋា​បាន​បន្ថែមថា អ្នកស្វែងរក​ទិញ​ដី​នៅពេលនេះ ពួកគាត់​ទិញ​ដី​ប្រភេទ​ដីចំការ ដី​ទំនេរ ឬ​ដី​ដែលមាន​សក្ដានុពល​វិនិយោគ នៅពេល​អនាគត ដូចជា​នៅតាម​មាត់​ព្រែក ជាប់​ផ្លូវ​សំខាន់ ផ្លូវជាតិ​ជាដើម។

ចំណែក​លោក​កែវ សុជាតិ​ភ្នាក់ងារ​អចលនទ្រព្យ និង​ជា​អ្នកវិនិយោគ​មួយរូប​នៅ​ខេត្តកំពត​ក៏បាន​ឱ្យដឹងថា ទោះបី​ជាមាន​ការឆ្លង​ជា​សហគមន៍​នៃ​កូ​វីដ១៩ ក្នុង​ពេលនេះ​ក្តី តែ​ជំងឺ​នេះ មិនទាន់​រាលដាល​មកដល់​ខេត្តកំពត​នៅឡើយ​ទេ ដូច្នេះ​វិនិយោគិន​ដែល​បានចាប់ផ្ដើម​សាងសង់ គម្រោង​របស់ខ្លួន​ក្នុង​ឆ្នាំ២០២១នេះ នៅតែ​បន្ត​ដំណើរការ ដោយ​មិនទាន់មាន​គម្រោង​ណាមួយ ត្រូវ​ផ្អាក​ដោយសារតែ​ការឆ្លង​រាលដាល ជា​សហគមន៍​នៅឡើយ​ទេ។

លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន KW Cambodia កន្លងមក​បានបញ្ជាក់​ថា ក្នុង​ជំនួញ​អចលនទ្រព្យ​ដីធ្លី ចង់​ជោគជ័យ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទ្រឹស្តី​មួយ ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​លក់​នៅពេល​គេ​ត្រូវ​ការទិញ។

លោ​កន​បញ្ជាក់ថា “ទិញ​នៅពេល​គេ​ចង់​លក់ គឺ​យើង​នឹង​អាច​ទិញ​បាន​តម្លៃ​ទាប និង​ទីតាំង​ល្អ ដែល​ចង់បាន ហើយ​បើសិនជា​ចង់​លក់​វិញ គឺ​យើង​លក់​ទៅ​អ្នក​ដែល​ចង់​ទិញ​ពិតប្រាកដ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here