ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបាននិយាយថា ស្ថិតក្នុងស្ថានភាពបែបនេះ ការវិនិយោគអចលនទ្រព្យ គឺជាពេលវេលាល្អបំផុតពិសេសការវិនិយោគលើដីធ្លី ព្រោះវាជាស្ថានភាព ដែលអ្នកមានបញ្ហាសាច់ប្រាក់ត្រូវការលក់អចលនទ្រព្យបន្ទាន់។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី២៦ កុម្ភៈកន្លងមកថា ក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដបែបនេះ ការវិនិយោគអចលនទ្រព្យជាឳកាសល្អបំផុត ព្រោះអចលនទ្រព្យដែលត្រូវការលក់ប្រញាប់នាពេលនេះ មានតម្លៃក្រោមទីផ្សារប្រមាណ៣០ភាគរយ។
អ្នកស្រីបន្តថា “នេះជាករណីអចលនទ្រព្យលក់ប្រញាប់ មិនមែនអចលនទ្រព្យទាំងអស់នោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពទីផ្សារ វិលមករកភាពប្រក្រតីវិញនាពេលណា វាអាស្រ័យលើស្ថានភាពពិភពលោក”។អ្នកស្រីបន្តថា “ទោះជាវិបត្តិកូវីដនៅកម្ពុជាមានភាពធូរស្រាលក៏ដោយ ក៏អ្នកវិនិយោគអន្តរជាតិ នៅតែមិនទាន់ចូលមកកម្ពុជានោះទេ ដោយសារពួកគេ មានអារម្មណ៍មិនទាន់មានសុវត្ថិភាព”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងធ្លាក់ចុះ និងស្ថិតក្នុងសភាពទ្រឹង ប៉ុន្តែសម្រាប់អ្នកវិនិយោគមានធនធានច្រើន ពួកគេនៅតែប្រមូលទិញ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលក្តី។
លោកបន្តថា “ពេលនេះអ្នកវិនិយោគទទួលបានលក្ខខ័ណ្ឌល្អ តម្លៃល្អ ហេតុនេះទើបអ្នកមានធនធានច្រើន ពួកគេបន្តប្រមូលទិញដីធ្លី ហើយនៅពេលស្ថានភាពល្អ ពួកគេនឹងចាប់ផ្តើមសកម្មភាពសាងសង់”។
យ៉ាងណាក៏ដោយអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ពេលនេះអ្នកវិនិយោគធំៗកំពុងរង់ចាំមើល ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់គំរោងចាស់ៗ មិនបានផ្អាកសកម្មភាពនោះទេ តែសំរាប់គំរោងថ្មីកំពុងស្ថិតនៅក្នុងការរង់ចាំ៕