ដោយៈរ៉ាណេត
ភ្នំពេញៈ អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលស្នើសុំអាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តណាមួយដូចខាងក្រោម។
ក. តម្កល់ជាសាច់ប្រាក់ ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ។
ខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។
ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់ បានចាប់ពី៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ។
ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើន ដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬគម្រោងមុនសាងសង់បាន៥០%(ហាសិប)ភាគរយឡើង។
ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែង នៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញ បានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ជ្ជនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ៕