អ្នកជំនាញអន្តរជាតិៈ ការវ៉ាក់សាំងកូវីដ១៩បង្ហាញសញ្ញាទីបញ្ចប់នៃវិបត្តិនិងក្តីសង្ឃឹមរបស់វិស័យអចលនទ្រព្យ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអចលនទ្រព្យអន្តរជាតិ បានលើកឡើងថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ បង្ហាញថាជាសញ្ញាដំបូង នៃទីបញ្ចប់នៃវិបត្តិកូវិដ១៩ និងជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីជំរុញឱ្យផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច មានកំណើនសារជាថ្មីនៅ ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាគឺជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីធ្វើឱ្យផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច មានកំណើនសារជាថ្មី ជាពិសេសអ្នកដែលពឹងផ្អែកលើអាជីវកម្ម និងការធ្វើដំណើរកម្សាន្ត។

លោកបានថ្លែងថា “ទោះយ៉ាងណាក៏ដោយ កម្រិតនៃការទទួលវ៉ាក់សាំងចាំបាច់ត្រូវឈានដល់ចំនួនមួយសមស្រប នៃចំនួនប្រជាជន ដើម្បីចាប់ផ្តើមកាត់បន្ថយហានិភ័យនៃការរំខានបន្ថែមទៀតតាមរយៈការឆ្លងចូលសហគមន៍”។ លោកបន្តថា “តាមវិធីណាក៏ដោយ ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ហាញថាជាជំហានមួយ ដែលអាចមើលឃើញយ៉ាងច្បាស់នូវការបញ្ចប់នៃវិបត្តិកូវីដ១៩ ហើយវានឹងលើកទឹកចិត្តដល់ទំនុកចិត្តរបស់វិនិយោគិន”។

ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ មិនទាន់របាយការណ៍ណាមួយ ដែលបង្ហាញពីទំហំនៃផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យនៅកម្ពុជាទៅឡើយទេ ខណៈអ្នកជំនាញជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីប្រជាជន។

លោក James Hodge បានថ្លែងថា វាលឿនពេកក្នុងការប្រាប់ថា ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ នឹងប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែនៅពេលការឆ្លងចូលសហគមន៍នេះត្រូវបានគ្រប់គ្រង យើងរំពឹងថា សកម្មភាពអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ។

ការចាប់អារម្មណ៍របស់អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា មិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះ ដោយសារព្រឹត្តិការណ៍ថ្មីៗទេ។ ដូច្នេះយើងគួររំពឹងថាការធ្វើដំណើរនឹងវិលត្រឡប់ទៅកម្រិតមុន ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈវិញយ៉ាងឆាប់រហ័ស។ បរិមាណដើមទុនបរទេសកាន់តែច្រើន នឹងចាប់ផ្តើមហូរចូលប្រទេសកម្ពុជាកាន់តែច្រើន នៅពេលដែលការចាក់វ៉ាក់សាំងឈានដល់កម្រិតមួយសមស្រប។

អ្នកវិនិយោគ មិនត្រឹមតែអំឡុងពេលនេះទេ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់ គួរតែគិតឱ្យបានល្អិតល្អន់ អំពីពេលវេលាត្រឹមត្រូវនៃការវិនិយោគរបស់ពួកគេ និងធានាថា ពួកគេមានផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីទទួលបានប្រាក់ចំណេញពីគម្រោងរបស់ពួកគេ។

លោក James Hodge បានថ្លែងថា អ្នកវិនិយោគ ក៏អាចពិនិត្យមើលផ្នែកណាមួយ នៃវិស័យអចលនទ្រព្យ ដែលមិនទាន់មានការវិនិយោគគ្រប់គ្រាន់ ដើម្បីទាញយកផលចំណេញ ឬបន្ថែមលក្ខណៈពិសេសៗ របស់គម្រោងរបស់ពួកគាត់ឱ្យមានភាពខុសប្លែកពីគម្រោងរបស់អ្នកដទៃ ដើម្បីបង្កើនភាពទាក់ទាញ។

លោកបានបន្តទៀតថា“ការធ្វើពិពិធកម្មនៅក្នុងវិស័យអចលនទ្រព្យ អាចជួយជំរុញកំណើន តាមរយៈការបើកឱកាសសម្រាប់វិស័យថ្មីៗ និងជំរុxញឱ្យទីផ្សារអចលនទ្រព្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here