ក្រុមការងារបច្ចេកទេសកម្ពុជា កូរ៉េចាប់ផ្តើមពិភាក្សាពីគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ទៅកាន់តំបន់ស្វាយជ្រុំ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីបានទទួលសញ្ញាភ្លើងខៀវ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េកាលពីពេលកន្លង ទៅលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ពេលនេះមន្ត្រីជំនាញដែលពាក់ព័ន្ធ រវាងប្រទេសទាំង២កំពុងបន្តកិច្ចសិក្សា និងពិភាក្សាគ្នាទៅលើបច្ចេកទេសនៃការសាងសង់។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយា បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងសាងសង់ស្ពានឆ្លងកាតទន្លេមេគង្គដែលតភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលមួយនេះ នៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើម សាងសង់ជាក់លាក់នៅឡើយនោះទេ ព្រោះដំណាក់កាលនេះកំពុងស្ថិតនៅក្នុងការពិភាក្សាអំពីបច្ចេកទេសនៅឡើយ។

លោកបញ្ជាក់ថា “រហូតមកដល់ពេលបច្ចុប្បន្ននេះព័ត៌មានលម្អិត និងជាក់លាក់ណាមួយគឺនៅមិនទាន់មាននោះទេ ព្រោះមន្ត្រីជំនាញរវាងប្រទេសទាំង២ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នា ទាក់ទងទៅនឹងបច្ចេកទេសនៅឡើយ”។ លោកបានបន្តថា “រហូតមកដលពេលនេះកិច្ចពិភាក្សា និងការសិក្សាពីបញ្ហាបច្ចេកទេស នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដូច្នេះទាំងពេលវេលា ទាំងខ្ទង់ចំណាយទៅលើការសាងសង់ ជាពិសេ​សទីតាំងនៃគម្រោងស្ពាន ក៏មិនទាន់បានកំណត់ច្បាស់នៅឡើយនោះដែរ”។

លោកបន្តថា  អ្វីៗអាចរង់ចាំរហូតដល់កិច្ចពិភាក្សា ពីបញ្ហាបច្ចេកទេសត្រូវបានបញ្ចប់ ទើបចាប់បន្តសិក្សាពីគម្រោងសាងសង់ពាក់ព័ន្ធទៅនឹងទីតាំង ផលប៉ះពាល់ និងខ្ទង់ចំណាយពិតប្រាកដ។

អ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះបានបញ្ជាក់ថា ទោះជាយ៉ាងណា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ មិនមែនជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២១ ឬឆ្នាំ២០២២នោះទេ ព្រោះគម្រោងអាទិភាពដែលត្រូវស្ថាបនា និងសាងសង់ស្ពាន ក៏ដូចជាផ្លូវជាតិក្នុងឆ្នាំ២០២១ ត្រូវបានកំណត់រួចរាល់អស់ហើយ ដូច្នេះគម្រោងស្ពានមួយនេះ អាចនឹងត្រូវជាគម្រោងអាទិភាពនៅឆ្នាំក្រោយៗទៀត។

លោកទេសរដ្ឋន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះថា បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា ទៅលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ពីតំបន់ជ្រោយចង្វា​រទៅតំបន់ស្វាយជ្រុំ មន្ត្រីជំនាញបច្ចេកទេសរបស់ប្រទេសកូរ៉េ បានធ្វើការចុះមកសិក្សាពីទំហំនៃការចំណាយលើការចំណាយ និងទំហំនៃផលប៉ះពាល់ផងដែរ។

លោកបន្តថា “កាលពីពេលកន្លងទៅ ក្រុមអ្នកជំនាញបច្ចេកទេសកូរ៉េ KOICA ធ្លាប់បានចុះមកធ្វើសិក្សាជាជំហានដំបូងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រចជារបាយការណ៍នៅឡើយទេ”។ លោកបានបន្តទៀតថា “ប្រសិនបើសាងសង់ ត្រឹមតែជាស្ពាសម្រាប់ឆ្លងធម្មតាដូចស្ពានមួយចំនួនទៀតនោះ ទំហំនៃការចំណាយអាចស្ថិតនៅក្នុងរង្វង់៥០លានដុល្លារតែប៉ុណ្ណោះ”។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ប៉ុន្តែដោយសារតែខាងកូរ៉េ គេចង់សាងសង់ស្ពានថ្មី និងលើកដំបូងនៅកម្ពុជា (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ) ឱ្យមានគុណភាពខ្ពស់ និងមានភាពទាក់ទាញខ្លាំង ដូច្នេះខ្ទង់ចំណាយអាចនឹងកើនឡើងជិត១០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here