ដោយ:គង់ សូរិយា
ភ្នំពេញៈ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងបើកដំណើរការនៅចុងត្រីមាសទី៤ឆ្នាំនេះ ដែលនឹងធ្វើឲ្យខេត្តនេះទាក់ទាញទេសចរណ៍ និងលំហូរទុនវិនិយោគកាន់តែច្រើនថែមទៀត។
អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ ផ្តល់ព៌តមានឲ្យយើងដឹង គឺព្រលាននេះនឹងដំណើរការនៅចុងត្រីមាសទី៤ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ព្រោះរហូតមកទល់ពេលនេះ ផ្លូវរត់ព្រលាននេះបានបញ្ចប់ការសាងសង់ហើយ នៅសល់តែបញ្ជរទទួលអ្នកដំណើរប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់ពេលនេះការសាងសង់ស្ថានីយ៍ទទួលអ្នកដំណើរសម្រេចបានប្រមាណ៨០ភាគរយផងដែរ។
លោកស្រីបន្តថា “ខេត្តកោះកុងពីមុនមានភាពដាច់ស្រយាល ប៉ុន្តែនៅពេលព្រលានយន្តហោះនេះបើកដំណើរការ ខេត្តនេះលែងឆ្ងាយទៀតហើយ”។លោកស្រីបន្ថែមថា “ព្រលានយន្តហោះនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើន ខណៈឆ្នាំមុន ខេត្តទទួលបានគំរោងវិនិយោគកើនឡើងទាំងផ្ទះសំណាក់ និងសណ្ឋាគារ”។
ជាមួយគ្នានេះ លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជាអណុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មិនានេះថា ព្រលានយន្តហោះនេះនឹងដំណើរការតាមការគ្រោងទុកពិតមែន ដោយបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសកំពុងរៀបចំតាមនិតិវិធី ដើម្បីដំណើរការព្រលានយន្តហោះនេះតាមការគ្រោងទុក។
លោកបន្តថា “ព្រលានយន្តហោះខ្នាត4Eនេះ មានទំហំសមល្មមមិនធំពេក មិនតូចពេក ដែលវានឹងបំរើឲ្យតំបន់វិស្សមកាលនៅតារាសាគរ ដែលមានផ្ទៃដីទំហំរហូតដល់៤៥០០០ហិកតា”។លោកបន្តថា “គំរោងនេះមានអ្វីៗទាំងអស់ សម្រាប់បំរើភ្ញៀវទេសចរ ណ៍នៅតំបន់នេះ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តទៀតថា ព្រលាននេះ មិនប្រកួតប្រជែងជាមួយព្រលានយន្តហោះក្រុងព្រះសីហនុនោះទេ តែវាបំរើឲ្យគម្រោងតារាសាគរច្រើនជាង ប៉ុន្តែវាក៏អាចទទួលការចុះចតរបស់ក្រុមហ៊ុនអាកាសចរណ៍ដទៃផងដែរ៕