រដ្ឋបាលខេត្តកំពតចាប់ផ្តើមពង្រឹងការគ្រប់គ្រងតំបន់ឆ្នេរ ដើម្បីបញ្ចៀសការអភិវឌ្ឍខុសច្បាប់

0

ដោយៈ រ៉ាណេត

កំពតៈ ជាមួយនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ជាច្រើន ពីវិស័យឯកជនដែលភាគច្រើន ជាការកែច្នៃបង្កើតតំបន់ទេសចរណ៍កម្សាន្តធម្មជាតិ កម្រិតខ្ពស់នៅតាមតំបន់ដៃព្រែក តំបន់ព្រៃកោងកាង និងតំបន់ឆ្នេរនានានៅក្នុងខេត្តកំពត អាជ្ញាធរបានយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងបន្ថែម ជៀសវាងមានការឆ្លៀតឱកាសពីជនខិលខូច បំពានដីតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិ ឬលក់បន្តដល់វិស័យឯកជនដោយខុសច្បាប់។

អាជ្ញាធរខេត្តកំពតក្រោមការដឹកនាំដោយលោកជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ  បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីធ្វើការត្រួតពិនិត្យទៅលើការងារគ្រប់គ្រងតំបន់សំខាន់ៗ ដែលជាដែនដីហាមឃាត់របស់រដ្ឋ ជាពិសេ​សផ្តោតសំខាន់ទៅលើតំបន់ឆ្នេរ តំបន់ដៃព្រែកមានព្រៃកោងកាង ដែលវិស័យឯកជនចង់ធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។

ក្រោមការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសូរិយោដី រួមជាមួយនឹងមន្ត្រីជំនាញស្ថាប័នដែលពាក់ព័ន្ធ លោកជាវ តាយបានក្រើនរំលឹកឱ្យមានការបង្កើនកិច្ចយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើការគ្រប់គ្រងនៅតាមតំបន់ហាមឃាត់មួយចំនួន ជាពិសេ​សតំបន់ ដែលមានព្រៃកោងកាងនៃតំបន់តំបន់ឆ្នេរ ដែលជាទីតាំងគោលដៅរបស់វិស័យឯកជនអភិវឌ្ឍន៍ជាតំបន់កម្សាន្ត ដែលធ្វើយ៉ាងណាបញ្ចៀសបញ្ហាដែលប្រាសចាកពីច្បាប់ដែលបានកំណត់ ឬអាចខូចខាតដល់វិស័យឯកជន។

អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធ បានសម្រេចឯកភាពគ្នាទៅលើ ការប្រគល់ភារកិច្ច ជូនក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់ ព្រៃកោងកាងដែលនៅសល់ជាក់ស្តែង ដូចជា ការកំណត់បោះបង្គោលព្រំដែនតំបន់ព្រៃកោងកាង រៀបចំចុះបញ្ជីដីព្រៃកោងកាងជូនក្រសួង ស្ថាប័នណាមួយគ្រប់គ្រងឲ្យបានច្បាស់លាស់ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ដែលគ្រប់គ្រងដោយរដ្ឋបាលជលផល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដឹងច្បាស់ថាទីតាំងណាខ្លះដែលពាក់ព័ន្ធ ឬត្រួតស៊ីគ្នា។

មួយរយៈចុងក្រោយនេះ ខេត្តកំពត បានក្លាយជាគោលដៅវិនិយោគលើវិស័យទេសចរណ៍របស់វិនិយោគិន ក្នុងស្រុកជាច្រើនគម្រោង ដែលគោលដៅសំខាន់នៃគម្រោងអភិវឌ្ឍន៍មាននៅតាមតំបន់ដៃព្រែក តំបន់ឆ្នេរ តំបន់ព្រៃកោងកាង ដែលភាគច្រើនពាក់ព័ន្ធទៅនឹងដែនអភិរក្សរបស់រដ្ឋ។ ដូច្នេះការកំណត់ និងពង្រឹងការគ្រប់គ្រងខាងលើនេះ អាចថែរក្សាបានទាំងដីសម្បត្តិរបស់រដ្ឋ និងបញ្ចៀសការខាតបង់ផលប្រយោជន៍របស់វិស័យឯកជន ដែលអាចចាញ់បោកជនខិលខូច ក្រោយពេលទិញប៉ះចំដីហាមឃាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here