ដោយៈ សាវុធ
ភ្នំពេញៈ តម្លៃអចលនទ្រព្យ បើប្រៀបធៀបនឹងប្រាក់ចំណូល គិតជាមធ្យមនៅកម្ពុជា និងទីក្រុងហុងកុង បានធ្លាក់ចុះច្រើនជាងប្រទេសដទៃទៀត ចាប់តាំងពីមានវិបត្តិនៃជំងឺរាតត្បាត។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Aetna ចេញផ្សាយកាលពីថ្មីៗនេះ។
តម្លៃអចលនទ្រព្យនៅកម្ពុជា បានធ្លាក់ចុះពី -៦.៥៨ ឬថ្លៃជាង៣៩.៨៩ដង ប្រៀបធៀបនឹងប្រាក់ចំណូល ជាមធ្យមរបស់ប្រជាជនកម្ពុជា នៅចន្លោះឆ្នាំ២០១៩ និង២០២០ ហើយនៅហុងកុងធ្លាក់ចុះ៥,៨៦ ឬស្មើនឹង៤៣.៥២ដឹង ខណៈទីផ្សារអាស៊ីទាំងពីរនេះនៅតែមានតម្លៃថ្លៃជាងគេនៅលើពិភពលោក។
តម្លៃអចលនទ្រព្យនៅកម្ពុជាស្មើនឹង៤៦ដង បើធៀបនឹងប្រាក់ចំណូលរបស់ប្រជាជនជាមធ្យម នៅឆ្នាំ២០១៩ ហើយធ្លាក់ចុះ៦.៥៨ភាគរយ មកនៅត្រឹម៣៩.៨៩ដងនៅឆ្នាំ២០២០។
តម្លៃអចលនទ្រព្យ ដែលសំដៅទៅលើលំនៅដ្ឋាន (ផ្ទះ) ធ្លាក់ចុះនេះ មានន័យថា លំនៅដ្ឋានមានតម្លៃទាប ធៀបនឹងចំណូលរបស់ប្រជាជន។
គិតត្រឹមឆ្នាំ២០២១ ចំណូលរបស់ប្រជាជនម្នាក់ៗ គិតជាមធ្យមមាន១,.៦៨០,០២ដុល្លារ ខណៈតម្លៃលំនៅដ្ឋានគិតជាមធម្យម៧ម៉ឺនដុល្លារ នៅតំបន់ជាយក្រុង និងតម្លៃលំនៅដ្ឋានទាប ឬខ្ពស់អាស្រ័យទៅលើទីតាំង និងគម្រោងអភិវឌ្ឍន៍។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់ទូទាំងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕